ខេត្តកំពង់ស្ពឺ៖លោកហ៊ុន ម៉ានី បានអបអរសាទរចំពោះសមិទ្ធផលនានាដែលបានកើតឡើងនៅក្នុងវត្តត្រពាំងវែងដោយបានឆ្លុះបញ្ចាំងពីការរីកចម្រើន ក្នុងវិស័យព្រះពុទ្ធសាសនា ដែលក៏ដូចជាវិស័យដទៃៗទៀតដែរ ដែលកំពុងមានការអភិវឌ្ឍ ដោយសារគុណូបក្ការៈនៃសុខសន្តិភាព។
លោកហ៊ុន ម៉ានី បន្តថាសន្តិភាពដែលយើងកំពុងមានសព្វថ្ងៃនេះ គឺកើតចេញពីការលះបង់ និងតស៊ូរបស់ថ្នាក់ដឹកនាំរបស់កម្ពុជា ដែលបានស្វែងរកការបញ្ចប់ជម្លោះផ្ទៃក្នុង និងបានបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់ការអភិវឌ្ឍជាបន្តបន្ទាប់។ ជាពិសេស ក្នុងដំណាក់កាលនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីសមត្ថភាពដឹកនាំ ដែលបានសម្រេចជោគជ័យ ក្នុងការការពារសុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ ដោយមិនឱ្យរងផលប៉ះពាល់ធ្ងនធ្ងរ និងកម្រិតអត្រាស្លាប់នៅទាបបំផុត ដែលឆ្លងតាមការវាយតម្លៃថ្មីៗ ដោយស្ថាប័ន Nikkei កម្ពុជាឈរនៅលំដាប់ថ្នាក់លេខ២ លើពិភពលោកដែលបានសម្រេចជោគជ័យ ក្នុងការប្រយុទ្ធនឹងការរាលដាលនៃជំងឺកូវីដ ១៩។
លោកហ៊ុន ម៉ានី ក៏បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេន ព្រះថេរានុថេរ គ្រប់ព្រះអង្គ និងជូនចំពោះលោកតា លោកយាយ ពុកម៉ែ មាមីង បងប្អូន និងប្អូនៗ ក្មួយៗយុវជន ដែលទោះបីសម្តេចទាំងពីរ មិនបានមកជួបសំណេះសំណាល ជាមួយបងប្អូនផ្ទាល់ តែលោកសូមផ្ញើសេចក្តីនឹករឭក និងការផ្តាំផ្ញើសាកសួរទុក្ខ ដល់បងប្អូនផងដែរ។
លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពីធីសម្ពោធឆ្លង អគារធម្មសភា និងសមិទ្ធផលនានាក្នុងវត្តត្រពាំងវែង ស្ថិតក្នុងភូមិត្រពាំងថ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕SRP