លោក​ ហ៊ុន​ ណេង​ ប្រាប់អាជ្ញាធរ កុំ​ឲ្យ​មាន​ល្បែង​ស៊ីសង​ខុសច្បាប់

0

ខេត្តកំពង់ចាម​៖លោក​ ហ៊ុន​ ណេង​ បានថ្លែងថា​ ដេីម្បី​ឲ្យ​ប្រជាពលរដ្ឋ​​ រស់នៅ​បាន​ប្រកប​ដោយភាព​សុខសាន្ត​ យេីងត្រូវធ្វើ​ឲ្យ​មាន​ស្ថេរភាព​នយោបាយ​ និងសន្តិសុខ​សណ្តាប់​ធ្នាប់​សាធារណៈ​ តាម​រយៈ​ការ​ខិតខំ​អនុវត្តនូវគោលនយោបាយ​​ភូមិ​-ឃុំ​ មាន​សុវត្ថិភាព​​ គឺ​ត្រូវ​ធ្វើ​ឲ្យ​មូលដ្ឋាន​យេីង​ គ្មាន​អំពើ​លូច​ឆក់​ប្លន់​ គ្មាន​អំពើ​ហិង្សា​ក្នុង​គ្រួសារ​​ គ្មាន​ការ​ប្រេីប្រាស់​អាវុធ​ខុសច្បាប់​ គ្មាន​ការ​ជួញដូរ​ឬការ​ប្រេីប្រាស់​គ្រឿងញៀន​ ​និង​គ្មាន​ការ​វាយ​តបកាប់​ចាក់​គ្នា​ក្នុង​ពិធី​រាំរែក​ផ្សេងៗ​ លេីសពី​នោះ​ត្រូវ​ខិតខំ​ការពារ​ កុំ​ឲ្យ​មាន​ល្បែង​ស៊ីសង​ខុសច្បាប់​ កុំ​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ កេីនឡេីង​​​ កុំ​ឲ្យ​មាន​ការគាស់កកាយ​យកគ្រឿង​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ មក​កែច្នៃ​ធ្វើជា​វុត្ថុ​ប្រេីប្រាស់​ផ្សេងៗ​ ​កុំ​ឲ្យ​មាន​ការ​ដាក់​ប៉ុស្តិ៍​ជជុះ​ ស្ទាក់​ឡាន​យក​លុយ​កាក់​ពី​ ប្រជាពលរដ្ឋ​​ និង​កុំ​ឲ្យ​មាន​គ្រោះ​មហន្តរាយ​ ជាពិសេស​គ្រោះ​អគ្គីភ័យ​កេីតឡេីង​ផងដែរ​។

លោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទឹងត្រង់​ ក៏ បាន​ជម្រុញ​ដល់​អាជ្ញាធរ​​ទាំងអស់​ ត្រូវ​ខិតខំ​ធ្វេីយ៉ាងណា ឲ្យប្រជាពលរដ្ឋ​ មាន​ជីវភាព​រស់នៅ​កាន់​តែ​ប្រសើរ​ឡើង​ តាម​រយៈ​ការទាក់ទាញ​អ្នក​វិនិយោគទុន​ ព្រមទាំង​ការ​ផ្តល់​សេវា​សាធារណៈ​ ជូន​​ប្រជាពលរដ្ឋ​ ឲ្យ​​ទាន់ពេលវេលា។

ការ​លេីក​ឡើង​បែប​នេះ​ខណៈ​ដែល​លោក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រេីប្រាស់​ជា​ផ្លូវការ​នូវ​ផ្លូវ​បេតុង​អាមេ​មួយ​ខ្សែ​ប្រវែង ២.១៥៨ម៉ែត្រ ស្ថិតនៅ​ក្នុង​ភូមិដីលើ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់​ នៅថ្ងៃទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០២២​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ និង​ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ កងកម្លាំង​ប្រដាប់​អាវុធ​​ ព្រមទាំង​លោកយាយ​ លោកតា​ ​បងប្អូន​ប្រជាពលរដ្ឋ​ ផងដែរ​។

បេីតាមលោក ទុន ស៊ាង មេឃុំពាមកោះស្នា បានឲ្យដឹងថា ដោយតម្រូវការ​ចាំបាច់​របស់ពលរដ្ឋ ជាពិសេស​ស្ថានភាព​បាក់​ស្រុត​ដី​ច្រាំងទន្លេ​ផងនោះ លោក ហ៊ុន ណេង និងលោកស្រី ព្រមទាំង អ្នកឧកញ៉ា ហ៊ុន តូ បានផ្ដល់ជាផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ២.១៥៨ម៉ែត្រ ទទឹង ៤,១២ម៉ែត្រ ស្ថិតនៅ​ក្នុង​ភូមិដីលើ ឃុំពាមកោះ ស្រុកស្ទឹងត្រង់​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ ក៏ដូចជា​ការ​ដឹក​ជញ្ជូន​នូវ​កសិផល​ផ្សេងៗ​ ជាពិសេស​ការ​សាងសង់​លំនៅឋាន​ថ្មី​ ចំពោះ​អ្នក​ដែល​មិន​ទាន់​មាន​ផ្ទះ​សំបែង​​ និង​ប្រជាពលរដ្ឋ​​ដែលជំលៀស​មក​ពី​តំបន់​ប្រឈម​ បាក់​ច្រាំង​ទន្លេ​ផងដែរ​៕SRP