ខេត្តសៀមរាប៖អគ្គនាយកនៃអគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ លោកមាស សាវ៉ន បានលើកឡើងថា ពលិកម្មរបស់បងប្អូនកងទ័ពក្នុងការទប់ស្កាត់ការវិលត្រលប់នៃរបបប្រល័យពូជសាសន៍ និងការឈ្លានពាននានា នាពេលកន្លងមក កសាងបាននូវសមិទ្ធផលដ៏ធំធេង គឺសុខសន្តិភាព។
លោកមាស សាវ៉ន មានប្រសាសន៍បែបនេះនៅក្នុងពិធីប្រកាស ចូលកាន់មុខតំណែងរបស់លោកនូ ប៊ុនរិទ្ធ និងលោក ភាជ សម្បត្តិ ជានាយករងនៃមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ គូលេន ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។
លោកបានបន្តថា ការកសាងសន្តិភាពក្រោមនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន វាពិតណាស់ថា មានការចូលរួមចំណែកយ៉ាងធំធេង ពីសំណាក់បងប្អូនកងទ័ព រហូតមានបងប្អូនមួយចំនួន បានបាត់បង់ជីវិត និងមួយចំនួនបានធ្លាក់ខ្លួនពិការ ក៏ព្រោះតែការចង់បាននូវសុខសន្តិភាព ជូនជាតិមាតុភូមិ។ លោកបន្តថា ជាមួយនឹងពលិកម្មដ៏ធំធេងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការពារជាតិ ក៏តែងតែចងចាំជានិច្ចនូវគុណបំណាច់ របស់បងប្អូនកងទ័ព ជាពិសេសបងប្អូនដែលជាយោធិនពិការ និងក្រុមគ្រួសារ។ ក្នុងការដឹងគុណនេះរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតជាមណ្ឌលអភិវឌ្ឍន៍យោធិនពិការនេះឡើង និងបានផ្តល់នូវដី និងផ្ទះជាកម្មសិទ្ធិស្របច្បាប់ សម្រាប់បងប្អូនអាចស្នាក់នៅអាស្រ័យផលលើកកម្ពស់ជីវភាពប្រចាំថ្ងៃ។
លោក នូ ប៊ុនរិទ្ធ បានធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម ៖
១-ប្តេជ្ញាស្មោះត្រង់ និងការពារដាច់ខាតចំពោះរដ្ឋធម្មនុញ្ញ ជាតិ សាសនា ព្រះមហាក្សត្រ
២-ប្តេជ្ញា ខិតខំបំពេញតួនាទី ភារកិច្ច ដោយគោរពច្បាប់ បទបញ្ជា វិន័យ ក្រមសិលធម៌ ព្រមទាំងឋានានុក្រម និងរបៀបរបបការងារ។
៣-ប្តេជ្ញា ខិតខំយកចិត្តទុកដាក់ ចូលរួមគ្រប់គ្រង ដឹកនាំ និងខិតខំកសាងអង្គភាព ឲ្យមានការរីកចំរើន ស្របតាមអនុសាសន៍ និងគោលការណ៍ដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គនាយកដ្ឋានយោធសេវា ក្រសួង ការពារជាតិ ។
៤-ប្តេជ្ញា ពង្រឹង និងរិតចំណងសាមគ្គីភាព ឯកភាពរឹងមាំថែមទៀត ទាំងផ្ទៃក្នុងអង្គភាព ក៏ដូចជាក្រៅអង្គភាព ។
៥-ប្តេជ្ញា បន្តកិច្ចសហការ និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច អង្គភាពពាក់ព័ន្ធនានា ជាពិសេស ប្រជាពលរដ្ឋ និង មហាជនទូទៅ ។
៦- ប្តេជ្ញា ខិតខំរៀនសូត លើកកំពស់សមត្ថភាពយល់ដឹង ឲ្យបានទូលំទូលាយ ដើម្បីចូលរួមគ្រប់គ្រង ដឹកនាំបញ្ហា កសាងអង្គភាព ឲ្យទៅជាផែនឯកភាពសាមគ្គីភាពទាំងស្មារតី ឆន្ទៈ និងសកម្មភាពការងារ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព ។
សូមជម្រាបថា មណ្ឌលអភិវឌ្ឍន៍យោធិនពិការ សម្តេចតេជោ ៣១៧ គូលេន ខេត្តសៀមរាប បានបង្កើតឡើងកាលពីឆ្នាំ២០០៩ ក្នុងទឹកដីស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបងប្អូនយោធិនពិការ និងគ្រួសារ មករស់នៅជាង៣០០គ្រួសារ៕SRP