ខេត្តសៀមរាប៖បុរសជាងម៉ាស៊ីនត្រជាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី១ ខែកុម្ភៈម្សិលមិញ ស្ថិតក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ករណី ប៉ុនប៉ងរំលោភសេពសន្ថវះលើក្មួយស្រីបង្កើត។ ជនសង្ស័យ ឈ្មោះ កុល សាម៉ៃ អាយុ២៨ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ រស់នៅភូមិឃុំខាងលើ។ ចំណែកជនរងគ្រោះឈ្មោះ ច.ណ ភេទស្រី អាយុ ១៤ឆ្នាំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង១៧ និង៣០នាទីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ខណៈជនរងគ្រោះកំពុងនៅផ្ទះម្នាក់ឯង ដោយម្តាយ និងបងស្រីបានចេញទៅក្រៅអស់ ជនសង្ស័យ ពាក់អាវភ្លៀង និងពាក់មួកក្រណាត់គ្របមុខជិតសល់តែគ្រាប់ភ្នែក បានដើរចូលមកចាប់ជនរងគ្រោះប៉ុនប៉ងរំលោភ ដោយដាល់ពោះជនរងគ្រោះចំនួន២ដៃបណ្តាលឲ្យដួល។ ជនសង្ស័យក៏ចាប់ស្រាតខោក្នុងរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានរើបំរាស់។ ជនសង្ស័យបានយកម្ជុលចាក់មកលើជនរងគ្រោះ២ម្ជុល( ដៃស្តាំ១ម្ជុលនិងស្មាស្តាំ១ម្ជុល) ជនរងគ្រោះបានសុំអង្វរដោយដឹងថាជនសង្ស័យ គឺជាពូរបស់ខ្លួន ទើបជនសង្ស័យឈប់ធ្វើសកម្មភាពគេចខ្លួនតែម្តង។
បុរសរូបនេះបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពពិតប្រាកដមែន ប៉ុន្តែរូបខ្លួនមិនបានយកម្ជុលចាក់ជនរងគ្រោះនោះទេ គ្រាន់តែប្រើហិង្សាប៉ុនប៉ងរំលោភ ដោយឃើញក្មួយសុំអង្វរទើបឈប់តែម្ដង។ ក្នុងនោះកន្លងមករូបគេក៏ធ្លាប់ប្រើប្រាស់សារធាតុញៀនទើបតែឈប់ប្រើផងដែរ។ ក្រោយពីបានសាកសួរសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP