ទីបំផុត​មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធអំពើពុករលួយ

ទីបំផុត​មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ ត្រូវបានឃុំខ្លួន ពាក់ព័ន្ធអំពើពុករលួយ

ភ្នំពេញ៖នៅទីបំផុតអនុប្រធានសាលាដំបូងរាជ ធានីភ្នំពេញ ជាចៅក្រមស៊ើបសួរលោក គី ម៉ានេរ៉ា នៅពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានសម្រេចចេញដីកាឃុំខ្លួន មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ លោកទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបរ ជាមន្ត្រីនាយក ដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទ.វិតិក្រម ពាក់ពន្ធទៅនឹងអំពើពុករលួយ

ការឃុំខ្លួនបុរសរូបនេះ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រឿងនេះតំណាងអយ្យការបានបើកការស៊ើបសួរចប់ នឹងបានបញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយ ដោយចោទប្រកាន់ពីបទ.វិតិក្រម តាមមាត្រា ៥៩២ និងមាត្រា ៥៩៣ នៃក្រមព្រហ្មទណ្ឌ ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនមន្រ្តីរបស់ខ្លួនលោក ទូច ទិត្យវឌ្ឍនា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ពន្ធថាបានប្រព្រឹត្តអំពើពុករលួយ ដែលសំណុំរឿងនេះបានស្ថិតនៅលោក អ៊ុំ សុភក្ត ព្រះរាជអាជ្ញារង (ប្រចាំការ) បើកការស៊ើបសួរ ក្រោយពីសាកសួរតំណាងអយ្យការបានចោទប្រកាន់ជនសង្ស័យជាផ្លូវការ រួចបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ស្តីពីការបញ្ជូនខ្លួនជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង នឹងអន្តរជាតិ នៃអង្គភាពប្រឆាំងអំពើពុករលួយ។ សេចក្តីប្រកាសព័ត៌មានមានខ្លឹមសារថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅថា (ACU) សូមជម្រាបជូនសាធារណជន នឹងអ្នកសារព័ត៌មានជ្រាបថា ក្រុមស៊ើបអង្កេតផ្ទៃក្នុង នៃអង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការប្រមូលព័ត៌មាន ភស្តុតាង ជាបន្តបន្ទាប់ ព្រមទាំងស្តាប់ចម្លើយ របស់ឈ្មោះ ទូច ទិត្យវឌ្ឍនា ភេទប្រុស អាយុ២៧ ឆ្នាំ មន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្ត ពាក្យបណ្តឹង អន្តរជាតិ រួចមក អង្គភាពប្រឆាំងអំពើពុករលួយបានរកឃើញថា ជនរូបនេះបានជាប់សង្ស័យ បានប្រព្រឹត្តល្មើសដែលប្បញ្ញាតក្នុងមាត្រា៥៩២(បទវិតិក្រម)នៃក្រមព្រហ្មទណ្ឌនឹងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។

អង្គភាពប្រឆាំងអំពើពុលរលួយបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ទូច ទិត្យវឌ្ឍនា បានប្រើប្រាស់វិធីនានា ក្នុងពេលដែលខ្លួនកំពុងទទួលខុសត្រូវទទួលពិនិត្យពាក្យបណ្តឹង ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែលខ្លួនត្រូវបញ្ឍរជើងផ្អាកការងារហើយក្តី ក៏ឈ្មោះនេះមិនបានបញ្ឍប់សកម្មភាពខុសច្បាប់របស់ខ្លួន ហើយទាញយកផលប្រយោជន៍ពីពាក្យប្តឹង ដែលខ្លួនមិនទទួលបន្ទុកទៀតផង។ អង្គភាពប្រឆាំងអំពើពុករលួយ សូមលើកទឹកចិត្តដល់សាធារណជន ចូលរួមផ្តល់ព័ត៌មានមកអង្គភាពប្រឆាំងអំពើពុករលួយជាបន្ទាន់ ក្នុងករណីដែលមានជនខិលខូចណាម្នាក់ អះអាងថាខ្លួនអាចប្រប្រាស់តួនាទីរបស់ខ្លួនជាមន្ត្រី ACU ដើម្បីជួយសម្រួលដល់កិច្ចការល្មើសច្បាប់ណាមួយ៕