ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះ បានអញ្ជើញជួបពិភាក្សា ការងារជាមួយព្រះសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង នៃពុទ្ធិសាកលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្តីពីការបណ្តុះបណ្តាល និងការសាងសង់ ដេីម្បីស្នេីសុំគោលការណ៍ប្រារព្ធពិធីបេីកសម្ពាធអគាររដ្ឋបាលថ្មី ១ខ្នង ដែលមានទីតាំងស្ថិតនៅក្នុងភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម នាពេលខាងមុខនេះ។
លោក អ៊ុន ចាន់ដា បានធ្វេីការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះព្រះសាកលវិទ្យាធិការ និងគណៈគ្រប់គ្រង នៃពុទ្ធិសាកលវិទ្យាល័យ សម្តេចហ៊ុន សែន ដែលបានរួមសាមគ្គីគ្នា ក្នុងការខិតខំគៀងគរស្វែងរកសប្បុរសជន ដេីម្បីសាងសង់អគាររដ្ឋបាលថ្មី១ខ្នង ដែលមានបណ្ដោយប្រវែង ១៨ម៉ែត្រ ទទឹងប្រវែង១៦ម៉ែត្រ កម្ពស់៤ជាន់ ក្នុងតម្លៃប្រមាណជាជាង៦៤ម៉ឺនដុល្លារ សម្រាប់ឲ្យព្រះមន្ត្រីសង្ឃ និងមន្ត្រីរាជការ បំពេញការងារប្ប្រចាំថ្ងៃ។
លោកអភិបាលខេត្ត ក៏បានឯកភាពគាំទ្រចំពោះការស្នើសុំ រៀបចំប្រារព្ធពិធីបេីកសម្ពាធដាក់ឲ្យប្រេីប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាល នៃពុទ្ធិសាកលវិទ្យាល័យសម្តេចហ៊ុន សែន ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលទើបនឹងសាងសង់រួចរាល់ជាស្ថាពរ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ។
បេីតាមព្រះសាកលវិទ្យាធិការ បានមានសង្ឃដីកាថា នៅក្នុងឆ្នាំសិក្សា ២០២១ -២០២២នេះ សាស្ត្រាចារ្យដែលបាននិងកំពុងបង្រៀនសរុបចំនួន ៧៥រូប ក្នុងនោះសាស្ដ្រាចារ្យក្របខណ្ឌចំនួន៦រូប ហេីយចាប់ពីឆ្នាំសិក្សា២០១៨ ដល់ឆ្នាំសិក្សា២០២១ សមណនិស្សិត និស្សិត ដែលបានសិក្សា និងបានការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រប្រកបដោយជោគជ័យ ដែលនឹងត្រូវទទួលសញ្ញាបត្រនៅពេលសម្ពោធ អគារសិក្សា បណ្ណាល័យ និងអគាររដ្ឋបាល ខាងមុខនេះមានចំនួន ៥៩៤អង្គ/នាក់ ដែលមាន ៣ជំនាន់ ហើយពួក គាត់មានការងារធ្វើគ្រប់ៗគ្នា (៩៩%)។
ព្រះសាកលវិទ្យាធិការ បានបញ្ជាក់ថា សមណនិស្សិត និស្សិត ដែលបានសិក្សា និងការពារសារណាបទបញ្ចប់សរុប ទាំងអស់មាន ១០ជំនាន់ (២០១២-២០២១) ស្មើនឹង ៨៨៥រូប ហើយពួកគាត់មានការងារធ្វើ ៩៩% (មន្ត្រីរាជការ ៧០% តាមអង្គការ សមាគម ៦% តាមក្រុមហ៊ុន ១៤% មន្ត្រីកិច្ចសន្យា ៧% បើកអាជីវកម្មផ្ទាល់ខ្លួន ២% និងទៅសិក្សានៅបរទេស ១%)។ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ សមណនិស្សិត និស្សិតដែលកំពុងសិក្សាសរុបទាំងអស់ ចំនួន៩៧១ អង្គ/នាក់ ក្នុងនោះថ្នាក់បរិញ្ញាបត្រចំនួន ៨១៩រូប (ព្រះសង្ឃ ៨៦អង្គ ស្រី ៤៧៨រូប) ថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១៥២ អង្គ/នាក់ (ព្រះសង្ឃចំនួន៨ អង្គ ប្រុស៦៣ នាក់)៕SRP