សម្តេចហ៊ុន សែន៖ មានកត្តាសំខាន់ៗចំនួន៤ ដែលបង្កលក្ខណៈ សម្រាប់ពលរដ្ឋ អាចធ្វើដំណើរកម្សាន្ត គ្រប់ទិសទីបាន

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានមានប្រសាន៍ថា មានកត្តាសំខាន់ៗចំនួន៤ ដែលបង្កលក្ខណៈសម្រាប់ពលរដ្ឋអាចធ្វើដំណើរកម្សាន្តគ្រប់ទិសទីបាន ដែល កត្តាទាំង៤នោះរួមមាន៖ ទី១ កត្តា សន្តិភាព បើគ្មានសន្តិភាពទេប្រជាពលរដ្ឋគ្មានឱកាសដើរលេងកម្សាន្តគ្រប់ទីកកន្លែងនោះទេ , ទី២ កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដូចជា មានផ្លូវ មានស្ពាន ស្ទើគ្រប់ទីកន្លែង ដែលបានតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ ជាបន្តបន្ទាប់ បើមិនមានការតភ្ជាប់ផ្លូវ និងស្ពានទេ គឺយើងមិនអាចឱ្យពលរដ្ឋធ្វើដំណើរកម្សាន្តពីតំបន់មួយ ទៅតំបន់មួយទៀតនោះទេ , ទី៣ គឺកត្តាមធ្យោបាយធ្វើដំណើរ និងដឹកជញ្ជូនកើនឡើង ទាំងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ និងឯកជន ជាពិសេសមធ្យោបាយដឹកជញ្ជូនឯកជននេះគឺប្រជាពលរដ្ឋ មានទាំងរថយន្ត មានទាំងម៉ូតូ ដែលមានការកើនឡើងជាបន្តបន្ទាប់ផងដែរ ,និងទី៤ កត្តាសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ មានន័យថា បើប្រជាពលរដ្ឋមិនមានប្រាក់ទេ ពួកគាត់មិនអាចធ្វើដំណើរកម្សាន្តបានឡើយ។

សម្តេចហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានអាកាសថ្មីនៅផ្លូវជាតិលេខ៥ ក្នុងខណ្ឌឫស្សីកែវ នៅថ្ងៃចន្ទ ទី៣១ ខែមករា ឆ្នាំ២០២២នេះ។

សម្តេចតេជោបានមានប្រសាសន៍ថា តាមរយ:ការសាងសង់ស្ពានអាកាសត្រង់ចំណុចនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការសម្រួលការកកស្ទះចរាចរណ៍ ខណៈដែលតំបន់នេះ កំពុងមានគម្រោងអភិវឌ្ឍន៍ជាច្រើន។

សម្តេចតេជោបានមានប្រសាសន៍រំលឹកថា នយោបាយអភិវឌ្ឍន៍ប្រទេសជាតិយើង គឺនៅតែផ្តោតលើអាទិភាពទាំង៤ គឺ ទឹក , ផ្លូវ ,ភ្លើង និងធនធានមនុស្ស ដែលក្រោយមកយើងបានប្តូរទិសយកការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពនាំមុខវិញ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង ដែលអាទិភាពទាំង៤នេះ យើងបានដាក់ចេញតាំងពីក្រោយថ្ងៃរំដោះប្រទេសជាតិមកម្លេះ។

សម្តេចតេជោបានមានប្រសាសន៍ទៀតថា សម្តេចពិតជាមានមោទនភាព និងស្ទើរតែមិនជឿចំពោះការចម្រើនលូតលាស់ក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ននេះ។ នៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងដោយក្តីមោទភាពចំពោះកំណើននៃការដើរកម្សាន្ត របស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះជាពិសេស ពេលដែលកូវីដ-១៩មានកាធូរស្រាលនោះ និងក្រោយពេលដែលប្រជាពលរដ្ឋកម្ពុជាយើងបានចាក់វ៉ាក់សាំងកូវីដ-១៩បានច្រើននោះ៕SRP