ភ្នំពេញ៖មតិសំណូមពរ របស់ប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុក សម្ដេច ស ខេង ចំនួន ១.៥៩២គណនី នៅក្នុងឆ្នាំ ២០២១។
សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឲ្យដឹងថានៅថ្ងៃនេះ ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ នូវលទ្ធផលការងារប្រចាំឆ្នាំ២០២១ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំ។
សម្ដេច ស ខេង បានបន្តថាក្នុងឆ្នាំ២០២១ កន្លងទៅនេះ ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងទំព័រហ្វេសប៊ុករបស់ខ្ញុំបានទទួលសំណូមពរ និងសំណួររបស់ប្រជាពលរដ្ឋ ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃចំនួន ១.៥៩២គណនី។
ក្នុងចំណោមនោះ ក្រុមការងារបានឆ្លើយតបទៅម្ចាស់គណនី និងដោះស្រាយចំនួន៥៣៦គណនី និង៦៥៥គណនីទៀតកំពុងស្ថិតក្នុងដំណាក់កាលដោះស្រាយ។ ទន្ទឹមគ្នានេះក៏មានសំណូមពរ សំណួរ និងបញ្ហាខ្លះទៀត ត្រូវបានរកឃើញថាខុសពីសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបានជូនយោបល់បង្វែរទៅស្ថាប័នមានសមត្ថកិច្ច។
ជនរួមជាតិជាទីគោរព! វឌ្ឍនភាពការងារនេះ អាចសម្រេចបានដោយសារកិច្ចខិតខំប្រឹងប្រែង និងការសហការគ្នាដ៏ល្អរវាងថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងមហាផ្ទៃ ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងក្រុមការងារគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ។
ខ្ញុំសូមថ្លែងអំណរគុណបងប្អូនជនរួមជាតិដែលបានលើកជាមតិយោបល់ និងសំណូមពរនានាមកកាន់រូបខ្ញុំ តាមរយៈទំព័រហ្វេសប៊ុកដើម្បីយើងរួមគ្នាដោះស្រាយបញ្ហានានាក្រៅប្រព័ន្ធតុលាការ ជួយសម្រួលជីវភាពរស់នៅរបស់បងប្អូន និងរួមគ្នាអភិវឌ្ឍន៍សង្គមជាតិយើង។
ខ្ញុំក៏សូមយកឱកាសនេះ ស្នើសុំការយល់យោគអធ្យាស្រ័យពីបងប្អូនជនរួមជាតិ ចំពោះករណីមួយចំនួនទៀតដែលក្រុមការងារ និងភាគីពាក់ព័ន្ធនៅមិនទាន់បានដោះស្រាយចប់សព្វគ្រប់ អាស្រ័យលើករណីខ្លះទាមទារពេលវេលា និងអនុវត្តទៅតាមនីតិវិធី៕SRP

