លោក ហ៊ុន ម៉ានី ផ្ដែផ្ដាំឲ្យប្អូនៗខិតខំសិក្សា បន្តទៀត ដើម្បីជាសសរទ្រូង សម្រាប់ការអភិវឌ្ឍន៍ របស់ប្រទេសជាតិ

ខេត្តកំពង់ស្ពឺ៖លោក ហ៊ុន ម៉ានី បានផ្ដែផ្ដាំឲ្យប្អូនៗខិតខំប្រឹងប្រែងសិក្សា រៀនសូត្រជាបន្តទៀត ដើម្បីឆ្ពោះទៅដល់គោលដៅនៅពេលអនាគតដែលបានកំណត់របស់ខ្លួនម្នាក់ៗ ក៏ដូចជាសសរទ្រូងសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ។

លោក ហ៊ុន ម៉ានី ក៏បានចូលរួមអបអរសាទរដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ និងទទួលបានលទ្ធផលល្អនៅក្នុងថ្ងៃនេះ។ លោកមានប្រសាសន៍ថា “ភាពជោគជ័យរបស់ប្អូនៗទាំងអស់គ្នាគឺបានមកពីការខិតខំប្រឹងប្រែង ហ៊ានលះបង់ ដោយមិនខ្លាចនឿយហត់ ចូលចងចាំថាភាពជោគជ័យ របស់ប្អូនៗទាំងអស់គ្នានៅក្នុងថ្ងៃនេះគឺជាសក្តានុពលរបស់ប្រទេសក្នុងការអភិវឌ្ឍប្រទេសជាតិ”។

ឆ្លៀតក្នុងឱកាសនេះដែរ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាលោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានចូលរួមបង្ហាត់បង្រៀន និងបង្កើតនូវមធ្យោបាយសិក្សាតាមប្រព័ន្ធអនឡាញដែលជាជំនួយដល់ការសិក្សារបស់ប្អូនៗពីចម្ងាយ ក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបការលំបាកនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

លោកហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការ សាសនា និងទេសចរណ៍ និងជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ មានប្រសាសន៍យ៉ាងដូច្នេះ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងអបអរសាទរចំពោះ សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A ចំនួន ៣៣រូប ក្នុងខេត្តកំពង់ស្ពឺ នៅទីតាំងអាគារបណ្ណាល័យខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនៃការជួបសំណេះសំណាលនេះដែរ លោកបាននាំយកអំណោយលើកទឹកចិត្តជូនប្អូនៗសិស្សនិទ្ទេស A មានដូចជាកំព្យូទ័រយួរដៃ សៀវភៅ និងដបអាកុល ផងដែរ៕SRP