ខេត្តសៀមរាប៖សិស្សសាលាម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតនៅថ្ងៃ សុក្រ ទី ២៨ ខែ មករា ឆ្នាំ២០២២ វេលាម៉ោង ១២ និង០០នាទី នៅលើផ្លូវក្រាលកៅស៊ូ 2SR2 ស្ថិតនៅក្នុងភូមិសណ្ដាន់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
អធិការនគរបាលស្រុកអង្គរធំ លោកឆាយ ហាក់ឡុង បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះរវាង គោយន្តកែច្នៃដឹកដី បើកបរក្នុងល្បឿនលឿនដោយខ្វះការប្រុងប្រយ័ត្ន ដែលមានទិសដៅពីជើង ទៅទិសខាងត្បូង បានបុកជាមួយម៉ូតូ ១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខសៀមរាប 1R 9002 អ្នកបើកបរឈ្មោះ ឡុង ស្រីលិញ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្សរស់នៅភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប (ស្លាប់)និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ នន់ ស្រីណែត ភេទ ស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស រស់នៅភូមិពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប របួសធ្ងន់ ក្នុងទិសដៅពីត្បូងទៅជើង។ ក្នុងនោះខូតខាតម៉ូតូ១ គ្រឿងធ្ងន់។
អធិការបន្តថាក្រោយពេលបុករួចអ្នកបើកបរបានបើកគោយន្តរត់គេចខ្លួនបាត់។ បញ្ជាក់ជនរងគ្រោះបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងម្នាក់ទៀតកំពុងសង្គ្រោះបន្ទាន់នៅគ្លីនិកសុខភាព។ ចំណែកវត្ថុតាងត្រូវបានយកមក រក្សាទុកបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលពាក់ស្នែង ។
កម្លាំងជំនាញអធិការដ្ឋានសហការជាមួយនិង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្តអោយចូលខ្លួនមកដោះស្រាយតាមនីតិវិធីច្បាប់៕SRP

