អភិបាលខេត្តកំពង់ចាម​ ព្រមានថា កន្លង​មក​មានអ្នក​ខ្លះ​​ យក​ឈ្មោះ​ជា​មន្ត្រី​សុខាភិបាល​ និង​យក​មន្ទីរពេទ្យ​របស់​​រដ្ឋ​ ទៅប្រព្រឹត្ត​អំពើ​ពុករលួយ​

ខេត្តកំពង់ចាមថ្លែងក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​រាជការ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ​ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ប្រាប់មន្ត្រី​សុខាភិបាល​ទាំងអស់​ សូម​កុំ​កសាង​កំហុស​ ដោយ​បុគ្គល​ខ្លួនឯង​ ហេីយ​បែរជា​ចោទប្រកាន់​ទៅលេី​រាជរដ្ឋាភិបាល​ ដោយ​កន្លង​មក​ មានអ្នក​ខ្លះ​​យក​ឈ្មោះ​ជា​មន្ត្រី​សុខាភិបាល​ និង​យក​មន្ទីរពេទ្យ​របស់​​រដ្ឋ​ ទៅប្រព្រឹត្ត​អំពើ​ពុករលួយ​ ព្រោះចង់បាន​​លាភសក្ការៈ​ផ្ទាល់ខ្លួន​ នៅ​ពេល​ដែល​មាន​បញ្ហា​តែងតែ​ឆ្លើយ​យករួចខ្លួន​ ហើយ​បែរជា​បន្ទោស​លើ​ រាជរដ្ឋាភិបាល​ និង​ថ្នាក់ដឹកនាំ​ផ្សេងៗ​។

ថ្លែងក្នុង​ឱកាស​នោះដែរ​ អភិបាលខេត្ត​ ក៏បាន​សំណូមពរ​ដល់​មន្ត្រី​សុខាភិបាល ទាំងអស់​ ឲ្យ​ខិតខំ​​កែប្រែ​កំហុស​ ត្រង់ចំណុច​ខ្វះខាត​ ដែល​នៅ​សេសសល់​​ ហើយ​ងាក​មក​បម្រើ​សេវា​ព្យាបាល​ជូនពលរដ្ឋ​ ធ្វើ​យ៉ាងណា​ កុំ​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​ ដេីម្បី​ទទួល​បាន​ការ​គាំទ្រ​ និង​ប្រជាប្រិយភាព​​ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​​ ដែលទាំង​នេះគឺ​ចាត់ទុក​ថាជា​ការ​ជួយ​ដល់​ខ្លួនឯង​ ហេីយ​ក៏​ប្រៀប​បាន​ទៅ​នឹង​ការ​ជួយ​ដល់​រាជរដ្ឋាភិបាល​ផងដែរ​។

លោក​​ អ៊ុន​ ចាន់ដា​ ក៏បាន​ធ្វើការ​ផ្តាំផ្ញេី​ដល់​​​មន្ត្រី​ជាប់​ក្របខ័ណ្ឌ​ថ្មី​ទាំង២៥៥​នាក់ ​ដែលជា​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ ​សូម​ឲ្យ​ធ្វើ​ការងារ​បម្រើ​ប្រជាពលរដ្ឋ​ ឲ្យ​បាន​ល្អ​ តាម​ក្រមសីលធម៌​វិជ្ជាជីវៈ​ជា​គ្រូពេទ្យ​​​ ស្រប​តាម​កម្មវិធី​​គោលនយោបាយ​ របស់​រាជរដ្ឋាភិបាល​ ស្រប​តាម​ផែនការ​ សុខមាលភាព​ និង​ផែនការ​វិជ្ជាសាស្ត្រ​ ដែល​ក្រសួង​សុខាភិបាល​បាន​ដាក់​ចេញ​ ជាពិសេស​មន្ទីរ​សុខាភិបាល​ តែម្ដង​ សំដៅធ្វើ​យ៉ាងណា​ ឲ្យ​ក្លាយ​ទៅ​ជា​ពេទ្យ​គំរូ​ និង​ក្លាយ​ទៅ​ជា​អ្នក​បន្ត​វេន​ក្នុង​វិស័យ​សុខាភិបាល​។

លោក​វេជ្ជបណ្ឌិត​ គីម​ សួរភីរុណ​ ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្តកំពង់ចាម​ បាន​ថ្លែង​ការ​កោតសរសើរ​ ចំពោះ​មន្ត្រី​សុខាភិបាល​ទាំងអស់​ ដែល​កន្លងមក​បាន​​សហការ​គ្នា​យ៉ាង​សស្រាក់សស្រាំ​ ក្នុង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ស្របតាម​ប្រសាសន៍​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ ក៏ដូចក្រសួង​សុខាភិបាល​ ក្នុងនោះ​ក៏មាន​វត្តមាន​របស់​មន្ត្រី​ជាប់​កិច្ច​សន្យា​ ដែល​ទទួល​បាន​ក្របខ័ណ្ឌថ្មី​ទាំង​២៥៥នាក់​ នេះផងដែរ​៕SRP