សម្តេចហេង សំរិន ប្រាប់ក្រុមការងារឲ្យបន្តចុះតាមខ្នងផ្ទះពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងសុខទុក្ខ

ខេត្តត្បូងឃ្មុំ៖សម្តេចហេង សំរិន បានថ្លែងប្រាប់ដល់ក្រុមការងារ ឲ្យបន្តចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាជន សំដៅដាក់ចេញគោលការណ៍ វិធានការដោះស្រាយ បានជាក់ស្តែង និងសមស្រប។

សម្តេចហេង សំរិន បានស្នើដល់ក្រុមការងារគណបក្សនៅខេត្តត្បូងឃ្មុំទាំងអស់ ត្រូវខិតខំបំផុសចលនាពង្រឹងសមាជិកបក្ស និងអ្នកគាំទ្រគណបក្ស រៀបចំពិធីបញ្ចូលសមាជិកថ្មីៗរបស់គណបក្ស ឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាន និងត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងសមាជិកបក្ស តាមក្រុមបក្សនីមួយៗឱ្យបានច្បាស់លាស់ និងត្រូវធ្វើការជួបជុំជាមួយសមាជិកបក្ស និងអ្នកគាំទ្រគណបក្សជាទ្រង់ទ្រាយតូចៗតាមមូលដ្ឋាន ដើម្បីផ្សព្វផ្សាយអំពីស្នាដៃសមិទ្ធផលរបស់គណបក្ស និងរាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជំនឿរបស់សមាជិកបក្ស និងអ្នកគាំទ្រគណបក្សមកលើគណបក្សយើង។

សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ លើកឡើងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមការងារ និងបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ នាទីស្នាក់ការគណបក្សខេត្តត្បូងឃ្មុំ។

សម្តេចហេង សំរិន ក៏ថ្លែងអំពាវនាវដល់បេក្ខភាពឈរ ឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ទាំងអស់រក្សាឱ្យបាន នូវស្មារតី សាមគ្គីឯកភាពគ្នាខ្ពស់ ក្នុងដំណើរឆ្ពោះ ទៅយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត ដើម្បីធានាថា គណបក្ស ត្រូវតែឈ្នះសម្រាប់ការដឹកនាំឃុំ-សង្កាត់ អាណត្តិទី៥ បន្តទៀត។

នៅក្នុងឱកាសនោះ សម្តេចក៏បានលើកឡើងបន្តថា ដើម្បីរក្សាឱ្យបាននូវប្រៀបឈ្នះ គឺក្រុមការងារទំាងអស់ ត្រូវបន្តខិតខំចិញ្ចឹមចលនានយោបាយនៅមូលដ្ឋាន តាមរយៈការកសាងសមិទ្ធផលនានា ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈម តាមសំណើ និងសំណូមពរនានារបស់ប្រជាជន។ ការបោះឆ្នោត ជ្រើសរើសស មាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

សម្តេចបានគូសបញ្ជាក់ថា ដើម្បីទទួលបានជ័យជម្នះជូនគណបក្សនោះ ការងារទាំងអស់ មិនមែនជាកិច្ចការ ដោយឡែករបស់បេក្ខជននោះទេ តែជាការងារដែលត្រូវមានកិច្ចសហការដឹកនាំពីក្រុមការងារគណបក្ស និងគណបក្សគ្រប់ថ្នាក់ ដើម្បីធ្វើការងារទាំងនោះប្រកបដោយប្រសិទ្ធភាព ដោយត្រូវខិតខំអនុវត្តគ្រប់ការងារ ដែលត្រូវធ្វើបន្តតាមការណែនាំរបស់ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និងផែនការរបស់គណៈកម្មាធិការគណបក្សខេត្ត ក្រុង ស្រុកបានដាក់ចេញ៕SRP