ខឹងគេវាយប្អូនកាលឆ្នាំមុន យកកាំបិតខ្វែវ កាប់សម្លាប់ បុរសម្នាក់ មិនញញើតដៃ

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចស្រុកជីក្រែងធ្វើការឃាត់ខ្លួន ករណីឃាតកម្មគិតទុកមុន។

ជនសង្ស័យឈ្មោះ ញ៉ូវ ទីន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កសិករ ស្រុកកំណើតភូមិខ្វាវ  ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ ទីលំនៅបច្ចុប្បន្ន ភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ករណីឃាតកម្មនេះបានកើតឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ២១ និង២០នាទី នៅក្នុងកម្មវិធី បង្កក់កូន  របស់ឈ្មោះស៊ាន ខន ភេទប្រុស នៅភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:០០ ល្ងាច នៅផ្ទះឈ្មោះ ស៊ាន ខន

ភេទប្រុស  នៅភូមិខាងលើ មានកម្មវិធី ជប់លៀង បង្កក់កូន មានភ្ញៀវចូលរួមច្រើនផឹកស៊ី  រហូតដល់ម៉ោង ៩ និង២០នាទីយប់ ជនសង្ស័យ ស្រវឹងស្រា បានយកកាំបិតខ្វែវ ទៅកាប់ជនរងគ្រោះឈ្មោះ សយ បូរំ ភេទប្រុស អាយុ៤៧ឆ្នាំស្រុកកំណើត និងទីលំនៅសព្វថ្ងៃ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ដែលកំពុងផឹកស៊ីក្នុងកម្មវិធីបង្កក់កូន ដែរនោះ ត្រូវត្រង់ដើមទ្រូងឆ្វេង១ខ្វែវ និងត្រង់ស្មាខាងស្តាំ១ខ្វែវ បណ្តាលឲ្យរងបួសធ្ងន់  ពេលនោះត្រូវបានបងប្អូនដឹកតាមរថយន្តមកពេទ្យ ដល់ពាក់កណ្តាលផ្លូវ ជនរងគ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។

ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានកាប់ជនរងគ្រោះ និងខ្វែវពិតមែន  មូលហេតុ  មានកំហឹងនិងជនរងគ្រោះ ដែលបានវាយប្អូន

ខ្លួនកាលពីឆ្នាំទៅ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនរួមជាមួយវត្ថុតាង កាំបិតខ្វែវ បញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីអនុវត្តតាមផ្លូវច្បាប់៕SRP