បុរសលួចម៉ូតូ ដែលម្ចាស់មិនបានដកសោរទុក ត្រូវបានប៉ូលិសក្រុងសៀមរាប ឃាត់ខ្លួន

ខេត្តសៀមរាប៖បុរសម្នាក់ដែលបានធ្វើសកម្មភាព លួចម៉ូតូ ដែលម្ចាស់មិនបានដកសោរ ត្រូវបានឃាត់ខ្លួន។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ម្សិលមិញ នៅក្នុងក្រុងសៀមរាប ដោយប៉ូលិសក្រុងសៀមរាប។ ជនសង្ស័យឈ្មោះរ៉ា ធុង អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ពាក់ព័ន្ធនិងករណីអំពើលួច(លួចម៉ូតូ) និងប្រើប្រាស់នូវសារធាតុញៀន។

ស្នងការរងទទួលផែនព្រហ្មទណ្ឌ លោកភឹង ចិន្តារ៉េត បានឲ្យដឹងថា៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ វេលាម៉ោង២៣ និង៣០នាទី ស្ថិតនៅចំណុចក្រុមទី៤ ក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប មានករណីអំពើលួច(លួចម៉ូតូ)បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខបាត់ដំបង១R-៣១១៧ លេខតួ.លេខម៉ាស៊ីន៩០៤៧៦៧៤ របស់ជនរងគ្រោះឈ្មោះសាំង ធី ភេទប្រុស អាយុ ៥៦ឆ្នាំ ដែលទុកម៉ូតូចោលនៅមុខផ្ទះហើយមិនបានដកសោរទុក។ ក្រោយពីសាកសួរបុរសរូបនេះឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះពិតមែន ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមផ្លូវច្បាប់បន្ត៕SRP