ក្រុមហ៊ុន ស៊ីបាយអូថេច រងការរិះគន់ថា បានដឹកជញ្ជូនឈើ ចេញពីព្រៃឡង់

ខេត្តក្រចេះ៖ក្រុមហ៊ុនស៊ីបាយអូថេច កំពុងរងការរិះគន់ថា បានធ្វើសកម្មភាពដឹកជញ្ជូនឈើ ចេញពីព្រៃឡង់។

ប្រភពបានរាយការណ៍ថាចាប់តាំង ពីចុងឆ្នាំ ២០២១ រហូតដល់ពេលនេះ ក្រុមហ៊ុនសម្ប ទានសេដ្ឋកិច្ចឈ្មោះ ស៊ីបាយអូថេច (Ci-Biotech) បានបង្កើនការកាប់ឈើ ក្នុងតំបន់ព្រៃឡង់ ដោយដឹកតាមគោយន្តកន្ត្រៃ ចូលមកក្នុងក្រុមហ៊ុន ហើយបម្លែងជាឈើស្របច្បាប់ ដើម្បីដឹកចែកចាយបន្ត។

ប្រភពបានបន្តថាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញបានចុះទៅឃាត់រថយន្តវ៉េអងដឹកឈើមួយគ្រឿងក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីត្រួតពិនិត្យឈើនៅលើរថយន្តនោះ មានច្បាប់អនុញ្ញាតឲ្យដឹកជញ្ជូនស្របច្បាប់ពីស្ថាប័នជំនាញ។ ប៉ុន្តែនៅជាប់នឹងរថយន្តបែរជាគ្មានលិខិតអនុញ្ញាតហៅថា(PC)ឡើយ ដោយអ្នកបើកបររថយន្តដឹកឈើនោះថាលិខិតអនុញ្ញាត នៅមេការក្រុមហ៊ុនជាអ្នកកាន់ ហើយហាមមិនឲ្យសមត្ថកិច្ចបើកតង់ពិនិត្យឈើនៅលើរថយន្តនោះទេ។ រហូតដល់ម៉ោងជាង៦ល្ងាច ទើបសមត្ថកិច្ចបានឃើញលិខិតអនុញ្ញាត ដែលចេញដោយរដ្ឋបាលព្រៃឈើខេត្តក្រចេះ ក៏សម្រេចដោះលែងរថយន្តតែម្ដង។

មានការលើកឡើងថា ក្រុមហ៊ុនសុីបាយអូថេច កដឹកជញ្ជូនឈើស្របច្បាប់ ចេញពីក្រុមហ៊ុនបានលុះត្រាតែមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចុះទៅត្រួតពិនិត្យ វាស់វែង ចេញបញ្ជីរាយទំហំឈើត្រឹមត្រូវ ទើបអនុញ្ញាតចេញលិខិតដឹកជញ្ជូនឈើបាន ហើយលិខិតអនុញ្ញាតនេះត្រូវបានចែកជូនដល់មន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នភ្លាមៗឲ្យបានដឹង នឹងត្រូវដាក់ជាប់នឹងរថយន្តដឹកឈើនោះផងដែរ។ ផ្ទុយទៅវិញក្រុមហ៊ុនសុីបាយអូថេច បែរជាមិនអនុញ្ញាតឲ្យសមត្ថកិច្ចបើកតង់ត្រួតពិនិត្យឈើ លើរថយន្ត ឯលិខិតអនុញ្ញាតដឹកជញ្ជូនឈើpc ក៏គ្មាន។ ករណីនេះគេសង្ស័យក្រុមហ៊ុន ដែលទំនងជាការគប់គិតជាប្រព័ន្ធរវាងក្រុមហ៊ុននិងមន្ត្រីជំនាញក្នុងការរៀបចំបម្លែងឈើខុសច្បាប់ឲ្យទៅជាឈើស្របច្បាប់។

សេចក្ដីរាយការណ៍ថាការកាប់បំផ្លាញព្រៃឈើ ក្នុងតំបន់អភិរក្សដែលគ្រប់គ្រងដោយក្រសួងបរិស្ថាននេះ បានធ្វើឡើងនៅចំណុច អូរកំបោរ អូគ្រួត អូចា ចែម៉ែ ច្របស្វាយ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ហើយដឹកជញ្ជូនតាមក្រោយភូមិកំភ្លុកចូលក្រុមហ៊ុនស៊ីបាយអូថេច តែម្ដង។

ជុំវិញការលើកឡើងនេះ សៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការឆ្លើយបំភ្លឺ ពីក្រុមហ៊ុន ស៊ី បាយអូថេច (Ci-Biotech) ក្រសួងបរិស្ថាននៅឡើយទេ។

សូមជម្រាបថា ក្រុមហ៊ុន ស៊ី បាយអូថេច(Ci-Biotech) គឺ​ជា​ក្រុមហ៊ុន​តំណាង​ឲ្យ​រដ្ឋាភិបាល​កូរ៉េ​អភិវឌ្ឍន៍ រួម​គ្គ្នាជាមួយរដ្ឋាភិបាល​កម្ពុជា វិនិយោគ​ដំណាំ​ឧស្សាហកម្ម​អាកាស្យា ឬ​ស្ថានីយ​ស្ដារ​ព្រៃ​ឈើ​ឡើង​វិញ ដែល​វិនិយោ គ​លើ​ផ្ផ្ទៃដីជាង ៣​ម៉ឺន​ហិកតារ (៣៤.០០៧ ហិកតា) កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១២ ស្ថិតនៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មួយ​ផ្នែក​ចូល​ដី​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែ៕SRP