ខេត្តពង់ចាម៖ក្នុងកម្មវិធីបេីកការបោះជំរំយុវជនខេត្តកំពង់ចាម ក្រោមប្រធានបទ «ការអភិវឌ្ឍសមត្ថភាពយុវជនផ្នែកបច្ចេកទេសវិទ្យា ក្រោមម្លប់សន្តិភាព» នៅវិទ្យាល័យ ហ៊ុន សែន ស្គន់ ស្រុកជើងព្រៃ នៅល្ងាចថ្ងៃទី២០ ខែមករា ម្សិលមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្រាប់ដល់ក្មួយៗជាយុវជនទំពាងស្នងឬស្សី ត្រូវចៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងពាលា ដែលសង្គមជាតិស្អប់ខ្ពើម ហេីយត្រូវចេះជួយអប់រំមិត្តភ័ក្រ និងធ្វើជាគំរូក្នុងការគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពខ្លួនឯងផង ក្រុមគ្រួសារមិត្តភ័ក្រនិងសង្គមជាតិ ទាំងមូលផងដែរ។
ថ្លែងក្នុងពិធី លោកអភិបាលខេត្ត បានដាស់តឿនដល់យុវជនទាំងអស់ ឲ្យបន្តការខិតខំកសាងស្នាដៃឆ្នើមក្នុងចលនា៣ល្អ គឺ«កូនល្អ សិស្សល្អ មិត្តល្អ»ហើយត្រូវយល់ថា ការប្រពឹត្តអំពើល្អរបស់ក្មួយៗ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់រាល់ភាពអសកម្មទាំងឡាយណា ដែលបង្កការរាំងស្ទះដល់ដំណើរការអភិវឌ្ឍ ប្រទេសជាតិ ដោយការធ្វើជាគំរូទាំងលើការសិក្សា ទាំងការរស់នៅដោយប្រកាន់ខ្ជាប់ និងចងចាំថា ក្នុងជីវិតយុវវ័យដូចក្មួយៗ ត្រូវកសាងជីវិតឲ្យល្អ ស្រស់ត្រកាលក្នុងថ្នាលសិក្សា ដើម្បីយកវិជ្ជា មក បម្រើក្នុងមាគ៌ាអភិវឌ្ឍប្រទេសជាតិ។
លោក អ៊ុន ចាន់ដា ក៏បានរំពឹងទុកថា ការបោះជំរំយុវជនខេត្តកំពង់ចាម ឆ្នាំ២០២២ នាពេលនេះ គឺជាឱកាសសម្រាប់ក្មួយៗ យកអស់សមត្ថភាព បទពិសោធន៍ របស់ខ្លួនមកធ្វើការផ្លាស់ប្តូរ ចែក រំលែកគ្នា ទៅវិញទៅមក រួមចំណែកអភិវឌ្ឍបំណិនជីវិត និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន កាន់តែ រីកចម្រើនឡើង ពិសេសគឺការអប់រំខ្លួនតាមគន្លងសីលធម៌ កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ព្រមទាំងខិតខំធ្វើឲ្យខ្លួនមាន សេចក្តីព្យាយាម និងសេចក្តីសង្ឃឹមជឿជាក់ចំពោះខ្លួនឯង។ លេីសពីនោះត្រូវខិតខំសង្កេតសិក្សាស្រាវជ្រាវ កត់ត្រានូវសកម្មភាពល្អៗ ទុកសម្រាប់ជា មេរៀនបទពិសោធន៍ សម្រាប់ជីវិត របស់ខ្លួន និងធ្វើការផ្សព្វផ្សាយ ពីលទ្ធផលទាំងអស់នេះ ដល់មិត្តភក្តិ បងប្អូនឲ្យបានជ្រាបបានដឹង ពីខ្លឹមសារដ៏មានសារៈសំខាន់ នៃកិច្ចការ ទាំងឡាយ ដែលក្មួយៗបានប្រតិបត្តិដោយផ្ទាល់ ក្នុងដំណើរការបោះជំរំ៧ថ្ងៃ លើទឹកដីស្រុក ជើងព្រៃ ខេត្តកំពង់ចាម ដ៏ស្រស់ត្រកាលនេះ។
បើតាមលោកស្រី ស្រូយ សុជាតិ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជន និងកីឡា បានថ្លែងថា ការបោះជំរំយុវជន ជាកម្មវិធីអភិវឌ្ឍន៍ និងបង្កើនសកម្មភាពយុវជន ដែលមិនអាចខ្វះបាននៅក្នុងការងារអប់រំ ពីព្រោះការបោះជំរំនេះ ធ្វើឲ្យយុវជនចេះសង្កេត ចេះពិចារណា ដោយបង្កើនស្មារតី ធ្វើការងារជាក្រុម ធ្វើសេចក្តីសម្រេចចិត្តជាសមូហភាព ចេះស្រលាញ់ ថែរក្សានិងការពារបរិស្ថាន និងបុគ្គលប្រកបដោយការទទួលខុសត្រូវ ក្នុងស្មារតីពង្រឹងមិត្តភាព និងសាមគ្គីភាព ជាពិសេសការចូលរួមថែរក្សាសន្តិភាព និងអភិវឌ្ឍសហគមន៍ របស់យុវជនផងដែរ៕SRP