លោក​ជា សុផារ៉ា ឧបត្ថម្ភថវិកាដល់សិស្សប្រលងជាប់បាក់ឌុប​ ​ជាង១៥០០នាក់​

ខេត្តត្បូងឃ្មុំ​៖លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ បានឧបត្ថម្ភ ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់បាក់ឌុប មកពីស្រុកក្រុងចំនួន៤​ គឺស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកក្រូចឆ្មារ និងក្រុងសួង សរុបចំនួន ១៥៦០នាក់។ ពិធីធ្វើ​ឡើង​នៅស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ នាព្រឹកមិញនេះ។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​ បានសាទរចំពោះជោគជ័យក្នុងការខិតខំសិក្សា នេះគឺជាកិត្តិយស ដ៏ធំធេង សម្រាប់ខ្លួនឯងផ្ទាល់ ក៏ដូចជា ក្រុមគ្រួសារ និងជាកិត្តិយស របស់អាជ្ញាធរ នៅក្នុងមូលដ្ឋាន ផងដែរ ដែលប្អូនៗក្មួយៗ បានខិតខំរៀនសូត្ររហូតប្រឡងជាប់ ពិសេសរហូតទទួលបាននិទ្ទេសA។

លោក​ ជា សុផារ៉ា បានមានប្រសាសន៍ទៅកាន់ក្មួយៗទាំងអស់គ្នា ដោយកោតសរសើរក្នុងការខិតខំរៀនសូត្ររហូតទទួលបានលទ្ធផលផ្លែផ្កានាពេលនេះ ដែលជាការឆ្លងកាត់ការលំបាកជាច្រើន ជាពិសេសឧបសគ្គនៃការឆ្លងរាលដាល នៃជម្ងឺកូវីដ ១៩។

ជាការឆ្លើយតបទៅនឹងកិច្ចខិតខំរបស់ក្មួយៗ ក្នុងនាមលោក ជាអ្នកទទួលខុសត្រូវ ក្នុងស្រុកក្រុងទាំង​ ៤នេះ ក៏សូមចូលរួមអបអរសាទរ និងចូលរួមផ្ដល់ការលើកទឹកចិត្ត នូវថវិកា មួយចំនួន ដើម្បីក្មួយៗប្រើប្រាស់ឲ្យចំគោលដៅ ក្នុងអំឡុងពេលបន្តការសិក្សា នៅកម្រិតឧត្ដមសិក្សា។

លោករដ្ឋមន្ត្រី បានផ្តាំផ្ញើ ដល់ក្មួយៗទាំងអស់ ត្រូវខិតខំរៀនសូត្របន្តទៅមុខទៀត ជាពិសេស ក្រេបជញ្ជក់យកចំណេះដឹង ក្នុងអំឡុងពេលបន្តការសិក្សា នៅថ្នាក់កម្រិតឧត្ដម ដើម្បីក្លាយខ្លួនជាកូនល្អ យុវជនល្អ និងជាពលរដ្ឋល្អ ហើយយកចំណេះដឹង និងសមត្ថភាព​ ចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ឲ្យកាន់តែរីកចំរើនទ្វេ។

សូមជម្រាបថា លោកជា សុផារ៉ា បានផ្តល់ថវិកាលើកទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់:
-និទ្ទេសAចំនួន៣៨នាក់ក្នុងម្នាក់ ៥០០ដុល្លា
-និទ្ទេស B C D E ១៥២២នាក់ក្នុងម្នាក់ ១០ម៉ឺនរៀល​
-ប្រធានការិយាល័យអប់រំស្រុក នាយក-នាយិកាវិទ្យាល័យ ចំនួន១៩នាក់ ក្នុងម្នាក់១០០ដុល្លា
-និងអនុប្រធានការិយាល័យអប់រំស្រុក នាយក-នាយករងវិទ្យាល័យ ៣៤នាក់ ក្នុងម្នាក់៥០ដុល្លា។ ដោយឡែកសិស្សនិទ្ទេសA ចំនួន៣៨នាក់ ដែលទទួលថវិកាលើកទឹកចិត្តនាពេលនេះ គឺមកពីចំនួន​ ៤ស្រុកប៉ុណ្ណោះ ខណៈទូទាំងខេត្តត្បូងឃ្មុំ ជាប់និទ្ទេសAមានចំនួន ៥៤នាក់ និងជាប់ជាស្ថាពរសរុប២៩៤៤នាក់​៕SRP