ខេត្តសៀមរាប៖ប៉ូលិសខេត្តសៀមរាបបានបដិសេធចំពោះព័ត៌មានចុះផ្សាយថាមានល្បែងស៊ីសង online រីកដូចផ្សិតនៅក្រុងសៀមរាប។
អ្នកនាំពាក្យស្នងការនគរបាលខេត្តសៀមរាបនៅរសៀលថ្ងៃទី ១៣ ខែមករាឆ្នាំ ២០២២នេះបានឲ្យដឹងថា ៖កន្លងទៅថ្មីៗនេះ មានសារព័ត៌មាន ដើមរាំង Dermrang News បានបង្ហោះនៅតាមបណ្ដាញទំនាក់ទំនងសង្គម ដែលមានខ្លឹមសារថា៖ ល្បែង អនឡាញ រីកដូចផ្សិតនៅក្នុងក្រុងសៀមរាប កំពុងពង្វក់ស្មារតីសិស្សានុសិស្ស ពលរដ្ឋឲ្យចូលលេងភ្លុកទឹក ភ្លុកដី។
អ្នកនាំពាក្យបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាន លោកតេង ច័ន្ទណាត ស្នងការខេត្តសៀមរាប បញ្ជាឲ្យលោក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដើម្បីចុះស្រាវជ្រាវជាបន្ទាន់ ដែលជាលទ្ធផលទទួលបានមានដូចខាងក្រោម៖
ជាក់ស្ដែងកាលពីថ្ងៃទី០៤ ខែមករា ឆ្នំា២០២២ កម្លាំងរបស់ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រាម នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះទៅកាន់បណ្ដាទីតាំងទាំង៤កន្លែងដែលសារព័ត៌មាន ដើមរាំង បានចុះផ្សាយ មានដូចជា៖ទីតាំងទី ១: ក្បែរស្ដុប ទន្លេសាប
ទីតាំងទី ២: នៅក្បែរផ្លូវលោកតាណឺយ ទីតាំងទី ៣: នៅផ្លូវបាក់ខែងទីតាំងទី ៤: នៅក្នុងបុរីមួយកន្លែង ទល់មុខផ្សារសាមគ្គី។
អ្នកនាំពាក្យបានបញ្ជាក់ថា ក្រោយពីបានចុះពិនិត្យជាក់ស្ដែងរបស់សមត្ថកិច្ចមូលដ្ឋាន រួមមកគឺ ពុំមានការបើកល្បែងស៊ីសងខុសច្បាប់ ភ្នាល់តាមប្រព័ន្ធ អនឡាញ ដូចអ្វីដែលសារព័ត៌មាន បានចុះផ្សាយតាមFacebook នោះទេ។
ទន្ទឹមនឹងនេះដែរ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងអនេកចំពោះប្រជាពលរដ្ឋ អ្នកសារព័ត៌មាន អ្នកនិយមតាមដានព័ត៌មានតាមបណ្ដាទំនាក់ទំនងសង្គម ដែលតែងតែចូលរួមផ្ដល់ព័ត៌មាន ពាក់ព័ន្ធទៅនឹង សកម្មភាពល្មើសច្បាប់ បទល្មើសគ្រប់ប្រភេទ ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងន័យដើម្បីចូលរួមចំណែក ក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕SRP

