កោះហៅ មនុស្ស៩នាក់ អោយចូលខ្លួន អ្នកភូមិលើកគ្នាមកកាន់តុលាការសៀមរាប

ខេត្តសៀមរាប៖តុលាការបានកោះហៅមនុស្ស ៩នាក់អោយចូលខ្លួនបំភ្លឺរឿងជម្លោះដីធ្លី ក្រុមអ្នកភូមិលើកគ្នាប្រមាណជិត៤០នាក់មកកាន់តុលាការ។
ក្រុមអ្នកភូមិដែលបានលើកគ្នាមកកាន់តុលាការសៀមរាប នៅរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២២នេះ  បានអោយដឹងថា ការដែលពួកគាត់លើគ្នាមកនេះ គឺក្នុងគោលដៅផ្តល់កម្លាំងចិត្តដល់អ្នកទទួលដីការតែប៉ុណ្ណោះ គឺមិនមែនមកប្រឆាំងឬតវ៉ានិងអំណាចដីកានោះឡើយ។ ប៉ុន្តែក្នុងករណីតុលាការសាកសួរហើយមិនអោយចេញមកវិញ(ឃុំខ្លួន)ពួកគាត់ទាំងអស់ក៏មិនវិលទៅផ្ទះវិញដែរ គឺសុខចិត្តដេកនៅទីនោះរហូតមានការដោះលែង។ ចំពោះឈ្មោះដែលត្រូវបានកោះហៅមានរហូត១៨នាក់ តែសម្រាប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ត្រូវចូលខ្លួនតែ៩នាក់។ អីចឹងទេក្នុងសំណុំរឿងជម្លោះដីធ្លីនេះ ពួកគាត់មានការបារម្ភយ៉ាងខ្លាំងចំពោះផ្លូវតុលាការ។ ពីព្រោះថា ក្នុងដីកាបានចោទពីបទ ធ្វើអោយខូចខាតដោយចេតនា។ ហេតុដូច្នេះពួកគាត់លើកគ្នាមកកាន់តុលាការនេះ ក្រៅពីផ្តល់កម្លាំងចិត្តដល់អ្នកចូលបំភ្លឺ ពួកគាត់ក៏ទទូចសុំស្ថាប័នពាក់ព័ន្ទក៏ដូចជាថ្នាក់លើកំពូលៗមេត្តាជួយដោះ ស្រាយដោយក្ដីអនុគ្រោះ។

ក្រុមអ្នកភូមិបានអោយដឹងទៀតថា ដីទំនាស់រាំរ៉ៃនេះមានទំហំ៤១០ហិកតា ស្ថិតក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប បច្ចុប្បន្នពលរដ្ឋ ៣០២គ្រួសារកំពុងរស់នៅនិងអាស្រ័យផល។ ដីនេះផ្តើមមានទំនាស់ ជាមួយខាងយោធា និងខាងបរិស្ថានចាប់ពីឆ្នាំ២០០៣មក។ កាលពីឆ្នាំ១៩៨៧រហូតឆ្នាំ ២០០២ ពួកគាត់គ្រប់គ្រងច្រើនរយហិកតា លុះឆ្នាំ ២០០៣ អាជ្ញាធរបានដកហូតមួយចំនួន ដើម្បីដាំដើមឈើធ្វើឧទ្យានជាតិ ដោយនៅសល់៤១០ហិកតាដែលពួកគាត់៣០២គ្រួសារ គ្រប់គ្រងអាស្រ័យផល។ ប៉ុន្តែថ្មីៗ នេះ ក៏លេចឈ្មោះ លី ស្រី ភេទស្រីជាដើមបណ្តឹងទៅវិញ។ ហេតុផលដូច្នេះហើយ ដែលពួកគាត់ទទូចសុំអោយថ្នាក់លើ ក៏ដូចជាស្ថាប័នពាក់ព័ន្ធជួយដោះ ស្រាយ ពីព្រោះពួកគាត់ធ្លាប់ដាក់ពាក្យសុំអន្តរាគមន៍ ទៅសម្តេច ហេង សំរិន ប្រធានរដ្ឋសភា រួចហើយ។យោងតាមលិខិតរដ្ឋសភាលេខ០១៣.សរ.គ១ ដែលបានជម្រាបជូនអភិបាលខេត្តសៀមរាបបញ្ជាក់ថា គណ:កម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា សូមបញ្ជូនសំណុំរឿងនេះជូនអភិបាលខេត្តពិនិត្យនិងដោះស្រាយតាមការគួរ ហើយផ្តល់លទ្ធផលនៃការដោះស្រាយមកគណ:កម្មការ ដើម្បីមានមូលដ្ឋានជម្រាបជូនម្ចាស់សំណើរវិញ។

ជុំវិញករណីនេះ សារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីឈ្មោះ លី ស្រី ភេទស្រីជាដើមបណ្តឹង នៅឡើយទេ៕SRP