ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី បានស្នើស្នេីសុំឲ្យសមាជិក សមាជិកា នៃក្រុមការងារទាំងអស់ រៀបចំវេទិកាសាធារណៈ តាមគោលដៅឃុំនីមួយៗ ដេីម្បីដោះស្រាយសំណួរ សំណូមពរ និងបំពេញតម្រូវការជាក់ស្តែងរបស់ពលរដ្ឋរស់នៅក្នុងមូលដ្ឋានផ្ទាល់ និងជំរុញដល់រដ្ឋបាលស្រុកបន្ទាយស្រី ត្រូវដោះស្រាយនូវបញ្ហា និងក្តីកង្វល់របស់ប្រជាពលរដ្ឋជាម្ចាស់សំណួរ និងសំណូមពរដោយឈរលើគោលការណ៍រួម និងអនុវត្តតាមគោលនយោបាយឈ្នះឈ្នះ។
លោក ង៉ាន់ ភិរុណ បានបន្តថាការប្រឹងប្រែងស្តាឡើងវិញនូវវិស័យទេសចរណ៍នៅក្នុងស្រុកដើម្បីកាត់បន្ថយផលប៉ះពាល់ពីបញ្ហាវិបត្តិកូវីដ-១៩ មកលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលពឹងផ្អែកប្រាក់ចំណូលមកពីវិស័យទេសចរណ៍។ ក្នុងនោះវិធានការចំពោះការរំលោភបំពានដីរដ្ឋដែលមិនត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីស្នើសុំកាត់ឆ្វៀល ជាពិសេសនៅក្នុងបរិវេណជើងភ្នំគូលែន។
លោកក៏បានស្នើសុំជាថ្មីម្តងទៀតទៅអាជ្ញាធរជាតិអប្សរាដើម្បីអនុញ្ញាតឱ្យគម្រោងមូលនិធិបឹងទន្លេសាបអាចសាងសង់ផ្លូវបេតុង និងផ្លូវកៅស៊ូនៅក្នុងភូមិថ្នល់ទទឹង និងភូមិថ្នល់បណ្តោយ នៃឃុំព្រះដាក់។
បើតាម លោក ង៉ាន់ ភិរុណ ចំពោះបញ្ហាណាដែលថ្នាក់ស្រុកដោះស្រាយមិនបាន ឬហួសសមត្ថកិច្ចរបស់ស្រុក រដ្ឋបាលស្រុកត្រូវលើកបញ្ហានេះជូនថ្នាក់ដឹកនាំពិនិត្យ និងដោះស្រាយ ជៀសវាងទុកបញ្ហានៅនឹងកន្លែង ដែលធ្វើឱ្យមានការថ្នាំងថ្នាក់រវាងប្រជាពលរដ្ឋជាមួយនឹងអាជ្ញាធរ។
លោកមានប្រសាសន៏យ៉ាងដូច្នេះក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២១ និងលេីកទិសដៅបន្តសម្រាប់អនុវត្តការងារឆ្នាំ២០២២ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបន្ទាយស្រី នៅរសៀលថ្ងៃពុធ ទី១២ ខែមករា ឆ្នាំ២០២២ ម្សិលមិញ៕SRP

