អភិបាលខេត្តកំពង់ចាម​៖​ ការ​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជិត​៣គីឡូម៉ែត្រ​នេះ ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ របស់​ប្រជាពលរដ្ឋ

0

ខេត្តកំពង់ចាម​៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែង​ថាថ្ងៃ​នេះ​យើង​បាន​បេីក​ការដ្ឋាន​​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ប្រវែង​ជិត​៣គីឡូម៉ែត្រ​ គិតជា​ថវិកា​ប្រមាណ​​ ៣១ម៉ឺន​ដុល្លារ​ ​ដើម្បី​កាត់បន្ថយ​ភាព​ក្រីក្រ​ របស់​ប្រជាពលរដ្ឋ​ ស្របតាមគោលនយោបាយជាតិ។

ក្នុង​ពិធី​បេីក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ​ ១ខ្សែ​ ប្រវែង២.៦៩៧ម៉ែត្រ​ ទទឹង​៥ម៉ែត្រ​ ស្ថិត​នៅ​ក្នុង​ឃុំ​ពង្រ​ និង​ឃុំ​មហាលាភ​ ស្រុកកោះសូទិន​ នៅព្រឹក​មិញលោក​ អ៊ុន​ ចាន់ដា​បានថ្លែង​ប្រាប់​ប្រជាពលរដ្ឋ​ថា​ សូមឲ្យ​មាន​ការ​ជឿ​ទុកចិត្ត​លេី​អាជ្ញាធរ​ ដែលបាន​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បម្រើ​ពុកម៉ែ​បងប្អូន​ ដោយ​មិន​គិត​ពី​ការ​នឿយហត់​​ ដេីម្បី​ចូលរួម​អភិវឌ្ឍន៍​មូលដ្ឋាន​យេីង​ឲ្យ​មាន​ការ​រីកចម្រើន​។

លោក​​ អ៊ុន​ ចាន់ដា​ បានថ្លែងថា​ គម្រោង​ស្ថាបនា​ផ្លូវ​កៅស៊ូ​នេះ​ ពិត​ជា​សារៈប្រយោជន៍​សំខាន់​ខ្លាំង​ណាស់​ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ ក៏ដូចជា​​អ្នក​ប្រើប្រាស់​ផ្លូវថ្នល់​ទាំង​អស់​ ជាពិសេស​បម្រើ​ឲ្យ​ការ​ដឹកជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​ ដែល​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​​។ ​ដោយការ​ស្ថាបនា​ផ្លូវ​ក្រាលកៅស៊ូ​ ១ខ្សែនេះ​មាន​រយ:ពេល​៥ខែ​ ដូច្នេះ​សូមឲ្យ​​ពុកម៉ែ​បងប្អូន​មាន​ការ​យោគយល់​ និង​ចូលរួម​ដោះស្រាយ​បញ្ហា​ផល​ប៉ះពាល់​ខ្លះៗ​ផង​។​ លេីសពីនោះពេលដែល​បាន​ផ្លូវ​ល្អ​ប្រេីប្រាស់​ហើយ​ សូម​លោកយាយ​លោកតា​ ជួយ​អប់រំ​ណែនាំ​ដល់​កូនចៅ​ ឲ្យ​គាត់​បេីកបរ​ដោយ​​​គោរព​ច្បាប់​ចរាចរណ៍​ផង​ ព្រោះ​ប្រសិនបេីយេីងបេីកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ទេ​នោះ គឺផ្លូវ​នេះ​នឹងមិន​បានកាត់បន្ថយ​ភាព​ក្រីក្រ​ទេ​ ព្រោះ​ត្រូវ​ចំណាយ​ថវិកា​ព្យាបាល​របួស​ និង​ខាតបង់​ទ្រព្យសម្បត្តិ​ទៀតផង​។

គួរ​បញ្ជាក់​ថា​ នេះជា​គម្រោង​ស្ថាបនា​ផ្លូវ​ក្រាលកៅស៊ូ​ពី​ជាន់​ប្រភេទ​(DBST)​ ប្រវែង​២.៦៩៧​ ម៉ែត្រ​ ទទឹង​៥ម៉ែត្រ​ ឆ្លងកាត់​៦ភូមិ​ ក្នុង​ឃុំ​ពង្រ​ និង​ឃុំ​មហាលាភ​ ស្រុកកោះសូទិន​ ក្រោម​ក្របខ័ណ្ឌ​កាត់បន្ថយ​ភាព​ក្រីក្រ​ និង​អនុវត្ត​កសិកម្ម​ខ្នាត​តូច​ តំបន់​ទន្លេ​សាប​ជំហាន​២​ ដែលមានអ្នកទទួលផល ​សរុប​ ៣.៤៥៩នាក់ ស្មើនឹង ៩៤៦គ្រួសារ​៕SRP