ពលរដ្ឋ ក្នុងឃុំកោះសូទិន ទទួល​បានភ្លេីងបំភ្លឺផ្លូវខ្វាត់ខ្វែង​

0

ខេត្តកំពង់ចាម​៖ប្រជាពលរដ្ឋ នៅក្នុងឃុំកោះសូទិន​ ស្រុក​កោះសូទិន​ បានសម្តែង​ការ​ត្រេកអរ​សាទរ ដោយ​លែង​មាន​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​ធ្វើ​ដំណើរ​ មិន​ថា​ពេល​យប់​ឬ​ក៏​ពេល​ថ្ងៃ​ បន្ទាប់​ពី​ទទួល​បាន​ការ​បំពាក់​អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ​ខ្វាត់ខ្វែង​ ខណៈ​​ រាជរដ្ឋាភិបាល​បាន​កសាង​ស្ពាន​ឆ្លង​កាត់​ទន្លេ​មេគង្គ​ និង​​ផ្លូវ​​យ៉ាង​ល្អ​ប្រណិត​នៅ​គ្រប់​មូលដ្ឋាន​។

ជាក់ស្ដែងនៅថ្ងៃទី​១៩​ ខែធ្នូ​ ម្សិលមិញលោកហ៊ាប សេរីវុធ សមាជិកក្រុមជំនួយការលេខាធិការដ្ឋាននៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងជាស្ថាបនិកអង្កការមូលនិធិគាំទ្រកុមារ​ សហការ​ជាមួយ​អជ្ញាធរ​ឃុំ​កោះសូទិន​ និង​ក្រុម​យុវជន​ ស​ ស​ យ​ ក​ បាន​ធ្វើ​ការ​បំពាក់​​ អំពូល​ភ្លើង​សូឡា​បំភ្លឺ​ផ្លូវ​ ​ជាច្រើន​បង្គោល​ នៅ​ភូមិ​ទី​ ៥​ និង​ភូមិទី​ ៦​ ក្នុង​ឃុំ​កោះសូទិន​។

លោកហ៊ាប សេរីវុធ​ បានឲ្យដឹងថា​ ដេីម្បី​ចូលរួមចំណែក​ ធ្វើការអភិវឌ្ឍន៍​ជាមួយ​រាជរដ្ឋាភិបាល​ លោក​បាន​បរិច្ចាគ​ថវិកា​ផ្ទាល់​ខ្លួន​ ដោយ​មានការ​ចូលរួម​ពី​សប្បុរសជន​ ​ក្នុងការ​ដំឡើង​បង្គោល​សូឡា​ ចំនួន​ ៦២២ដេីម​ ដែល​រហូត​មក​ដល់​ពេល​នេះ​ ដាំ​បាន​ចំនួន​ ៣៨៥ដេីម​ហេីយ​ ពោលគឺ​សម្រេច​បាន​ប្រមាណជា​៦០%​ ហេីយ​ បង្គោល​ដែល​នៅ​សេសសល់​នឹង​ដាំ​នៅតាមភូមិជា​បន្តបន្ទាប់​ទៀត​។

លោកហ៊ាប សេរីវុធ​ បានបន្តថា​ រាជរដ្ឋាភិបាល​បាន​កសាង​ស្ពាន​ និង​ផ្លូវ​បេតុង​ខ្វាត់ខ្វែង​ហើយ​ តែ​បញ្ហា​ភ្លើង​បំភ្លឺ​ផ្លូវ​​នៅ​មាន​កំរិត​ ដោយភ្លើង​របស់​វត្ត​អារាម​ត្រូវ​បិទ​នៅ​ម៉ោង​៩យប់​ ដូច្នេះ​ក៏បាន​ផ្តួចផ្តើម​បំពាក់​អំពូល​ភ្លើង​សូឡា​ សម្រាប់​បំភ្លឺ​ពេញ​មួយ​យប់​ ដេីម្បី​ជាការ​ងាយស្រួល​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វេី​ដំណើរ​ ជាពិសេស​អ្នក​ជំងឺ​ត្រូវ​ការ​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផងដែរ​។

លោកស្រី​ ស៊ុន​ ចន្ថា​ មេឃុំ​កោះសូទិន​ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​ចូលរួម​ជួយថែរក្សា​ភ្លេង​បំភ្លឺ​ផ្លូវ​នេះ​ ប្រយោជន៍​ដល់​ការ​ប្រើប្រាស់​បាន​យូរ​អង្វែង​ ពោល​គឺ​ត្រូវ​ចាត់ទុកជា​ទ្រព្យសម្បត្តិ​ខ្លួនឯង​ និង​បម្រើ​ដល់​ផលប្រយោជន៍​រួម​ផងដែរ​។

គួរបញ្ជាក់ថាការ​ដាំ​បង្គោល​ភ្លេីងបំភ្លឺ​ផ្លូវ​ខាង​លើនេះ​ ដោយមាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ ក្នុងនោះ​ លោក​ សុទ្ធ​ ពុទ្ធិ​ ម៉ានីន​ ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ លោកក៏បាន​ជួយ​ឧបត្ថម្ភ​ថវិកា៥០ម៉ឺនរៀល​ សម្រាប់​ផ្គត់ផ្គង់​ភេសជ្ជៈ​​ ដល់​ក្រុម​ការងារ​ផងដែរ​៕SRP