ខេត្តសៀមរាប៖លោកស្រីម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកឡើងថា ព្រឹត្តិការណ៍នេះពិតជាបានរំលឹក និងដាស់តឿនប្រជាពលរដ្ឋ ក្នុងពេលបច្ចុប្បន្ន និងអនាគត ឲ្យចងចាំនិងប្តេជ្ញាចិត្ត ត្រូវចេះថែរក្សាការពារតំបន់អង្គរទាំងមូល ដើម្បីជាការតបស្នងសងគុណ ជូនដល់បុព្វការីជន ព្រះមហាក្សត្រគ្រប់ព្រះអង្គ ឥស្សរជនជាតិ អ្នកជំនាញការជាតិ និងអន្តរជាតិ ព្រមទាំងជនរួមជាតិគ្រប់ជំនាន់ ដែលបានលះបង់ប្រាជ្ញា ស្មារតី ដើម្បីបុព្វហេតុនៃកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរដោយចីរភាព និងមហាអស្ចារ្យដែលមិនអាចបំភ្លេចបានរហូតមកដល់បច្ចុប្បន្ននេះ។
លោកស្រីម៉ែន សំអន ក៏បានលឹកពីប្រវត្តិអតីតកាលកន្លងមក ដែលបានធ្វើឲ្យប្រាង្គប្រាសាទ អង្គរ ដែលជាដួងព្រលឹងជាតិ និង ជាអត្តសញ្ញានៃនិមត្តិរូបជាតិខ្មែរ ដែលត្រូវបានរងការបោះបង់ មិនបានធ្វើការរំលឹកគុណអង្គរនោះឡើយ។ ការរំលឹកគុណអង្គរនាពេលនេះ ក៏កើតចេញពីស្មារតីជ័យជំនះ៧មករា ១៩៧៩ ក្រោមដំបូលសន្តិភាព នៃ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចហ៊ុន សែនផងដែរ។ លោកស្រីថាការបង្កើតជាបុណ្យរំលឹកគុណអង្គរនេះឡើង ក្នុងការស្តារឡើងវិញនូវវិស័យទេសចរ នៅខេត្តសៀមរាប ក្នុងបរិបទកូវិដ១៩ ក្រោយការបើកឡើងវិញក្នុងការទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលទទួលបានការ ចាក់វ៉ាក់សាំងពេញលេញ ចូលមកទស្សនាកម្សាន្តនៅរមណីយដ្ឋានអង្គរ ក៏ដូចតំបន់រមណីយដ្ឋានផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតនៅក្នុងឆ្នាំនេះ គឺជាការអបអរសាទរនៃពិធីរំលឹកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូផងដែរ។
លោកស្រី ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៤០លាន និងថវិការបស់រដ្ឋបាលខេត្តសៀមរាប ៥លានរៀល សរុបចំនួន ៤៥លាន ប្រគល់ជូនសម្រាប់ចាត់ចែងក្នុងកម្មវិធី ព្រមទាំងបាននិមន្តព្រះសង្ឃចំនួន ១០៨អង្គ ធ្វើការរាប់បាត្រឧទ្ទិសកុសលថ្វាយជូនដល់បុព្វបុរសដូនតា ដែលបានសាងសង់ប្រាង្គប្រាសាទនៅលើ ទឹកដីអង្គរនៃយើង ព្រមទាំងឧទ្ទិសជូនដល់យុទ្ធជនយុទ្ធនារី ដែលបានពិលីជីវិតក្នុងបុព្វហេតុជាតិ ដើមី្បការពារបូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោកស្រី ម៉ែន សំអន មានប្រសាសន៍បែបនេះ ក្នុង ពិធីបួងសួងបើកព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គររ និង ជាការអបអរសាទរពិធីរម្លឹកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាព្រឹកថ្ងៃទី មិញនេះ នៅមុខប្រាង្គប្រាសាទអង្គរ។
សូមជម្រាបថា ព្រឹត្តិការនេះក៏បានរៀបចំពិធីបួងសួងទៅតាមទំនៀមទំលាប់បែបសាសនាមានការបូជាទៀនធូបផ្កាភ្ញី ក្នុងគោលបំណងដើម្បីរំលឹកនឹកដល់គុណបុណ្យមហាវីរ:ដូនតា ដែលជាបុព្វបុរសបានបន្សល់ទុកនូវមរតកដ៏មានតម្លៃមហាសាលដ៏ល្បីល្បាញ់ ដែលបានចុះបញ្ជីជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក។ បញ្ជាក់ពិធីរំលឹកគុណអង្គរនេះនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ៕SRP

