អាជ្ញាធរខេត្តកំពង់ចាម​ ទទួលជំនួយផ្នែកសុខាភិបាល​ ពី​សមាគម ព្រះយេស៊ូវគ្រីស្ទជាង៥០ម៉ឺន​ដុល្លារ​

0

ខេត្តកំពង់ចាម​៖អាជ្ញាធរខេត្តកំពង់ចាម​ នៅព្រឹក​មិញនេះ ទទួលសមិទ្ធផល នៃគម្រោងកែលម្អមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ស្រីសន្ធរ​ និងស្រុកកងមាស​​ សម្រាប់ឆ្នាំ២០២១ សរុបជា​ថវិកា​ប្រមាណ​៥៦ម៉ឺន​ដុល្លារ​។ ​

លោក​​ អ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ​ ដែលបានជួយការកែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធ បំពាក់សម្ភារបរិក្ខារបម្រើឲ្យមន្ទីរពេទ្យបង្អែកស្រុក​ទាំង៣​ ខាងលេី​។

គួរបញ្ជាក់ថាការប្រគល់-ទទួលនេះ បានធ្វើឡើងរវាងសមាគមសាសនាចក្រនៃព្រះយេស៊ូគ្រិស្ត នៃពួក បរិសុទ្ធថ្ងៃចុងក្រោយ ដែលជាភាគីផ្ដល់ជំនួយ តំណាងដោយលោក សៀ សំណាង ប្រធានសមាគម និងរដ្ឋបាលខេត្តកំពង់ចាម ជាភាគីទទួលជំនួយ តំណាងដោយលោក គឹមសួរ ភីរុណ ប្រធានមន្ទីរ សុខាភិបាលខេត្តកំពង់ចាម ក្រោម​វត្តមាន​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និង​លោក​​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។ សម្រាប់​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុក​ជេីងព្រៃ​ មានទំហំទឹកប្រាក់​ប្រមាណ​ជាង២២​ម៉ឺន​ដុល្លារ​ ក្នុងនោះបាន​ធ្វើការកែលម្អអគារ សំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកា​ជាង១៥ម៉ឺន​ដុល្លារ​ និង​បំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣៤មុខ ស្មើនឹង ១៨៤គ្រឿង គិតជាថវិកាជាង៦ម៉ឺន​ដុល្លារ។

មន្ទីរពេទ្យ​បង្អែក​ស្រុកស្រីសន្ធរ មានទំហំទឹកប្រាក់​ប្រមាណ​ជាង ២៦ម៉ឺនដុល្លារ ក្នុងនោះ​កែលម្អអគារ និងសំណង់ហេដ្ឋារចនាសម្ពន្ធ គិតជាថវិកាជាង១៥​ម៉ឺន​​ដុល្លារ និងបំពាក់សម្ភារៈ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ ចំនួន ៣០មុខ ស្មើនឹង ៥៩គ្រឿង គិតជាថវិកាជាង ១០​ម៉ឺន​ដុល្លារ​។

មន្ទីរពេទ្យបង្អែកស្រុកកងមាស មានទំហំទឹកប្រាក់​ប្រមាណ​ជាង៧ម៉ឺន​ដុល្លារ ក្នុងនោះ​កែលម្អអគារ សំណង់ហេដ្ឋារចនាសម្ព័ន្ធ គិតជាថវិកាជាង៤ម៉ឺន​ដុល្លារ (សែសិបពីរពាន់បីរយប៉ែតសិបដុល្លារ)​ និងបំពាក់សម្ភារ បរិក្ខារបម្រើឲ្យមន្ទីរពេទ្យ១មុខ ស្មើនឹង១គ្រឿង គិតជាថវិកាចំនួន៣ម៉ឺន​ដុល្លារ​៕SRP