ចាប់ខ្លួនបុរសម្នាក់ ពីបទឃាតកម្ម ដោយគិតទុកជាមុន

0

ខេត្តព្រះវិហារ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសង្ស័យពីបទឃាតកម្ម ដោយគិតទុកជាមុន។ ការចាប់ខ្លួនធ្វើឡើងនៅទី១៣ ខែធ្នូ ម្សិលមិញ ដោយលោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ។

សមត្ថកិច្ចខេត្តព្រះវិហារបានថ្លែងប្រាប់សៀមរាបប៉ុស្ដិ៍ថា ជនសង្ស័យមានឈ្មោះ ភោគ មើន អាយុ២៣ឆ្នាំ អាស័យដ្ឋានរស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ «ពីបទឃាតកម្ម ដោយគិតទុកជាមុន»ដោយសារតែគំនុំ ជាយូឆ្នាំមកហើយ។

សមត្ថកិច្ចបានបន្តថាកាលពីថ្ងៃទី១០ខែធ្នូ ឆ្នាំ២០២១ ជនសង្ស័យរូបនេះ ឃើញជនរងគ្រោះ នៅម្នាក់ឯង ខ្លួនឃើញឱកាសល្អ ក៏យកកាំភ្លើង ដែលបានកែច្នៃទុក បំពាក់តាមខ្លួន យកមកបាញ់ លើជនរងគ្រោះ មួយគ្រាប់បណ្តាលអោយស្លាប់ ភ្លាមៗនៅហ្នឹងកន្លែងតែម្តង។  ជនរងគ្រោះមាន ឈ្មោះ ឃត់ ឡុញ ភេទប្រុសអាយុ ៥៤ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថាជនសង្ស័យជាប់ពីពីបទ ឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ និង បទប្រើប្រាស់អាវុធខុសច្បាប់តាមមាត្រា២០ច្បាប់ស្តីពីការគ្រប់គ្រង ការផ្គត់ផ្គង់ ការដឹកជញ្ជូន អាវុធគ្រឿងផ្ទុះ និង គ្រាប់រំសេវ នឹងកសាងសំណុំរឿងបញ្ជូនតាមផ្លូវច្បាប់៕SRP