ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានថ្លែងប្រាប់ពលរដ្ឋថា ពេលមិននៅ ឬចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ភ្លើងចង្ក្រានហ្គាស ពន្លត់ទៀន ធូប ជាមុនសិន។ ម៉្យាងទៀតការតភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវពិនិត្យរៀបចំឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសផងដែរ។
លោកថ្លែងណែនាំបែបនេះនៅព្រឹកមិញ ថ្ងៃទី១៣ ក្នុងឱកាសអញ្ជើញនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនប្រជាពលរដ្ឋ ៣គ្រួសារ ដែលរង់គ្រោះដោយអគ្គិភ័យ។
លោកក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋ ទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានឡេីងគ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស។
អំណោយជូនទាំង៣គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ៥០គក្រ មី២កេស ត្រីខ ២យួរ ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ ឃីត (មុង ភួយសារុងក្រម៉ា ) ១កញ្ចប់ តង់១ អាវយឺត ៨ សម្ភារផ្ទះបាយ ១សម្រាប់ និងថវិកា ចំនួន ១លានរៀល។
គួររំលឹកថថាកាលពីម៉ោង៩ និង១០នាទី យប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១មានហេតុការណ៍អគ្គីភ័យ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ដោយករណីឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យរងរបួសម្នាក់ ឆេះម៉ូតូចំនួន ៨គ្រឿង និងថវិការអស់ប្រមាណជិត១ម៉ឺន ដុល្លារផងដែរ។
ផ្ទះដែលត្រូវអគ្គិសភ័យឆេះ ១-ឈ្មោះ វ៉ន វឿន អាយុ ៥៦ឆ្នាំ សង់អំពីឈើប្រក់ក្បឿងទំហំ៧ x១៣ម៉ែត្រ ខូចខាតម៉ូតូចំនួន៣គ្រឿង ថវិកា ៣.០០០ ដុល្លារ មាសចំនួន៨ជីកន្លះ និងសម្ភារក្នុងផ្ទះ
២-ឈ្មោះ ញឹក សាវ៉ុន អាយុ៦៣ឆ្នាំ សង់ពីឈើប្រក់ស័ង្កសី ទំហំ៥x៦ម៉ែត្រ ថវិកា៩០ម៉ឺនរៀល និងសម្ភារៈក្នុងផ្ទះ ៣-ឈ្មោះ ស គុយលឹម អាយុ៦០ឆ្នាំ រងរបួស ផ្ទះទំហំ ៧x១៥ម៉ែត្រ សង់អំពីឈើប្រក់ក្បឿង ម៉ូតូចំនួន ៥គ្រឿង ថវិកា ៦.០០០ ដុល្លារ និងសម្ភារក្នុងផ្ទះ។ ករណីនេះសមត្ថកិច្ចបានប្រេីប្រាស់រថយន្តពន្លត់អគ្គីសភ័យចំនួន៦គ្រឿង និងបាញ់ទឹកពន្លត់អស់ចំនួន១០គ្រឿង ដើម្បីទប់ស្កាត់កុំឲ្យឆេះរាលដាលដល់ផ្ទះជិតខាង៕SRP

