សម្តេចស ខេង ប្រាប់ឱ្យមានការយកចិត្តទុកដាក់លើមនុស្ស៤ក្រុម ដើម្បីឱ្យមូលដ្ឋានកាន់តែរឹងមាំ និងកាន់តែមានការអភិវឌ្ឍន៍

0

ខេត្តបាត់ដំបង៖សម្តេចស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងប្រាប់ឱ្យមានការយកចិត្តទុកដាក់ មុខសញ្ញាមនុស្ស៤ក្រុម ទី១គឺមេឃុំ ទី២គឺស្មៀន ទី៣មេប៉ុសិ៍ត និងទី៤មេភូមិ។
សម្តេច ស ខេង បានមានប្រសាសន៍ក្រើនរំលឹកបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ នៅវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅថ្ងៃម្សិលមិញ។

សម្តេច ស ខេង បានសង្កត់ធ្ងន់នឹងក្រើនរំលឹកថា សូមឱ្យមានការយកចិត្តទុកដាក់មុខសញ្ញាមនុស្ស៤ក្រុម ទី១មេឃុំ ទី២ស្មៀន ទី៣មេប៉ុសិ៍ត និងទី៤មេភូមិ ប្រសិនបើមនុស្សទាំង៤ក្រុមនេះ ធ្វើការងារបានល្អ នុះមូលដ្ឋានកាន់តែរ៉ឺងមាំ ការរស់នៅរបស់ប្រជាពលរដ្ឋក៏មានសុខសុវត្ថិភាព ហើយការអភិវឌ្ឍន៍មូលដ្ឋានកាន់តែមានភាពល្អប្រសើរផងដែរ។

សម្តេចមានប្រសាសន៍បន្ថែមថា ការរៀបចំកំណែទម្រង់ថ្នាក់ក្រោមជាតិមិនអាចមានតែនៅក្នុងផែនការនោះទេ គឺទាមទារឱ្យមានការត្រួតពិនិត្យឱ្យបានល្អិតល្អន់ដោយកំណែទម្រង់នេះធ្វើឡើងក្នុងន័យការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋឱ្យគាត់មានភាពកក់ក្តៅ និងពេញចិត្ត។
សម្តេចក្រឡាហោម បានមានប្រសាសន៍លើកឡើងទៀតថា ក្នុងពេលដែលប្រទេសជាតិមានសុខសន្តិភាព មន្ត្រីទាំងអស់ត្រូវយកពេលវេលានេះដើម្បីបម្រើប្រជាពលរដ្ឋ បម្រើសេវាសាធារណៈជូនដល់ពួកគាត់ឱ្យកាន់តែល្អ ដោយបេសកកម្មយើងនាពេលនេះគឺធ្វើអ្វីៗដើម្បីប្រជាជន។

សម្តេចបានបញ្ជាក់ថា នៅខែឧសភាខាងមុខនេះនឹងមានការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលនេះជាព្រឹត្តការណ៍ដ៏សំខាន់សម្រាប់ជាតិយើង ក្នុងការបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជាការបន្តជំរុញលើកស្ទួយជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ខណៈបេក្ខភាពដែលឈរឈ្មោះបោះឆ្នោតសុទ្ធសឹងតែជាធនធានដែលពោពេញទៅដោយសមត្ថភាព៕SRP