ខេត្តបាត់ដំបង៖ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង បានបញ្ជាដល់ថ្នាក់ដឹកនាំនៃអង្គភាពនគរបាលជាតិ ឱ្យពិនិត្យឡើងវិញ ចំពោះមន្ដ្រីនគរបាលឡើងឋានន្តរស័ក្តិ មួយឆ្នាំម្ដង ខណៈមន្ដ្រីនគរបាលមួយចំនួន ៥ឆ្នាំទើបឡើងឋានន្តរស័ក្តិម្តង ការធ្វើបែបនេះមិនយុត្តិធម៌គ្នាឡើយ។
សម្ដេច ស ខេង ក៏បានណែនាំឱ្យពិនិត្យតាំងពី អនុប្រធានការិយាល័យឡើងទៅ រហូតដល់អគ្គស្នងការរងនគរបាលជាតិ តើអ្នកណាខ្លះ បានរៀនប៉ូលីសត្រឹមត្រូវ ឬអ្នកណាមិនទាន់បានរៀន? បើរកឃើញហើយ ត្រូវចាត់បញ្ជូលឱ្យពួកគាត់ទៅរៀនវគ្គផ្នែកប៉ូលីសឡើងវិញ។
សម្ដេច ស ខេង មានប្រសាសន៍ថា «ហើយស័ក្តិ ក៏ដូចគ្នាដែរ ត្រូវពិនិត្យឋានន្តរស័ក្តិនគរបាល អ្នកខ្លះឡើងមួយឆ្នាំម្ដង តែអ្នកខ្លះ បីឆ្នាំ បួនឆ្នាំ ប្រាំឆ្នាំ ឡើងម្ដង ចឹងអយុត្តិធម៌ហើយ ចឹងត្រូវមើលឡើងវិញ ត្រូវពិនិត្យទាំងអស់ រកឃើញហើយ ចាត់ការដើម្បីដោះស្រាយ បើមិនចឹងទេ គឺអយុត្តិធម៌ សម្រាប់បងប្អូនប៉ូលីស»។
សម្ដេចក៏បានណែនាំឱ្យពិនិត្យបន្ថែមទៀត ចំពោះមន្ដ្រីនគរបាលប៉ុស្ដិ៍ ដើម្បីដឹងពីចំណុចខ្លាំង ចំណុចខ្សោយ ហើយរៀបចំដាក់ផែនការពង្រឹងបន្ថែមទៀត តើពួកគាត់មានក្របខណ្ឌ ឬរៀនសូត្រត្រឹមត្រូវអត់? ដើម្បីរៀបចំគោលការណ៍កំណែងទម្រង់គុណភាពនគរបាលជាតិ ជាពិសេសនោះ ធ្វើយ៉ាងណាឱ្យនគរបាល ប្រជាជន កុំឱ្យជាសត្រូវប្រជាជន ព្រមទាំងកូនចៅប្រជាជន ហើយធ្វើយ៉ាងណាឱ្យប្រជាជនសប្បាយចិត្ត និងជឿទុកចិត្ត ក្នុងការរស់នៅ។
មានប្រសាសន៍យ៉ាងដូច្នេះក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅថ្ងៃទី១០ ខែធ្នូ ម្សិលមិញ៕SRP

