ខេត្តកំពង់ចាម៖លោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានថ្លែងថា បេីចង់ពង្រីកបរិមាណអប់រំ គឺត្រូវបន្ថែមសាលារៀន បន្ថែមគ្រូបង្រៀន បន្ថែមសម្ភារសិក្សា ពីព្រោះកុមារដល់វ័យសិក្សាកាន់តែមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ចំពោះតម្រូវការទីផ្សារ ក៏ដូចជាសង្គម សុទ្ធតែទាមទាររកធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ដោយប្រការនេះ សម្ដេចហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប៊ុនសន លោកបានកសាងអគារសិក្សាចំនួន ៣៨០ខ្នង ស្មើនឹង ២,៣៨៦បន្ទប់ ក្នុងនោះ វិទ្យាល័យចំនួន ១១១ខ្នង ស្មើនឹង ៨៤៥បន្ទប់ អនុវិទ្យាល័យចំនួន៤៨ខ្នង ស្មើនឹង ២៩៩បន្ទប់ និងបឋមសិក្សាចំនួន ២២១ខ្នង ស្មើនឹង ១២៤២បន្ទប់ និងបានបំពាក់សម្ភារតុ កៅអី សម្ភារ បរិក្ខារ មានម៉ាស៊ីនដេរ កុំព្យូទ័រ ដល់គ្រឹះស្ថានសិក្សានៅទូទាំងខេត្តកំពង់ចាម ដើម្បីលើកកម្ពស់គុណភាពអប់រំឲ្យ មានតុល្យភាព សមស្របទៅនឹងការពង្រីកបរិមាណអប់រំផងដែរ។
លោក កៅ សុខអាន ថ្លែងបែបនេះ រសៀលថ្ងៃទី១០ ខែធ្នូ ម្សិលមិញ ក្នុងពិធីប្រគល់ពានរង្វាន់“ សម្តេច តេជោសែន “ សម្រាប់លាភីនាយកល្អ គ្រូបង្រៀនឆ្នើមភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ដល់ថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាតឆ្នាំសិក្សា២០២០-២០២១។
លោក ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា សម្តេចហ៊ុន សែន លោកមានចក្ខុវិស័យខ្ពស់ណាស់ ក្នុងការដឹកនាំបណ្តុះបណ្តាលធនធានមនុស្ស ដូច្នេះសូមឲ្យលោកគ្រូ អ្នកគ្រូ បន្តការយកចិត្តទុកដាក់បំពេញការងារប្រកបដោយមនសិការរបស់ខ្លួន ជាពិសេសត្រូវពង្រឹងគុណភាពអប់រំ បន្ថែមទៀត ដេីម្បីកសាងធនធានមនុស្ស ប្រកបដោយភាពជោគជ័យ។
លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ពានរង្វាន់សម្តេចតេជោ សម្រាប់លាភីគ្រូបង្រៀនល្អ និងគ្រូបង្រៀនឆ្នេីម ជាប់ចំណាត់ថ្នាក់លេខ ៣ ទទួលបានថវិកាលេីកទឹកចិត្ត ចំនួន ៣លានរៀល មានចំនួន ៣នាក់ សម្រាប់លាភីអំណានចំណាត់ថ្នាក់លេខ ២ និងនិពន្ធរឿងប្រលោមលោកខ្លី ថ្នាក់លេខ ៣ ទទួលបានថវិកា ២លានរៀល ចំនួន ២នាក់ ចំពោះការប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ជ័យលាភីលេខ ១ ទទួលបាន មេដាយមាស និងថវិកាលើកទឹកចិត្ត ៤លានរៀល បានទៅលើក្រុមយុវជននៅវិទ្យាល័យហ៊ុនសែនពាមជីកង ស្រុកកងមាស ដោយឡែកការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យា ទទួលជ័យលាភីមេដាយប្រាក់ចំនួន ៤ មេដាយសំរឹទ្ឋ ៨ មេដាយកិត្តិយស ២២ បានទៅលើយុវសិស្សនៅវិទ្យាល័យហ៊ុនសែនកំពង់ចាម។
ការប្រកួតប្រជែងសិស្សពូកែគណិតវិទ្យាការីប៊ូជុំទី១ និងជុំទី២ ទទួលជ័យលាភីមេដាយមាស២ ប្រាក់ចំនួន៤ និងមេដាយសំរឹទ្ឋ១៦ បានទៅលើ សិស្សបឋមសិក្សា អនុវត្តហ៊ុន សែន ក្រុងកំពង់ចាម ៕SRP

