ខេត្តសៀមរាប៖ក្រុងសៀមរាបដែលជាក្រុងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត មានប្រាងប្រាសាទសំបូរបែបកំពុងប្រែមុខមាត់ថ្មីក្រោយកសាងផ្លូវ។
អាជ្ញាធរខេត្តសៀមរាបបានឲ្យដឹងថា ការកសាងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបាន ៩២,៧២ភាគរយ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១នេះ។
លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារការណនិងដឹកជញ្ជូន នៅថ្ងៃទី០៧ ខែធ្នូ ម្សិលមិញ បានចុះពិនិត្យ គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប។
ការចុះពិនិត្យផ្លូវនេះ មានការចូលរួមពី លោក
ទៀ សីហា អភិបាលខេត្ត និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។
ក្នុងដំណើរចុះ ពិនិត្យរដ្ឋមន្ត្រីបានចុះពិនិត្យបច្ចេកទេសនៃការអ៊ុតកៅស៊ូបេតុង(AC) ការដាំកូនរុក្ខជាតិលម្អសោភ័ណភាពនៅតាមបណ្ដោយទ្រូងផ្លូវ ការអ៊ុតភ្ជាប់មុខតំណបេតុងកៅស៊ូ គំនូសសញ្ញាចរាចរណ៍ គំនូសចែកទ្រូងផ្លូវ រង្វង់មូលព្រះរាជដំណាក់ ខឿនចិញ្ចើមផ្លូវ គំនូសសញ្ញាចរាចរណ៍សម្រាប់អ្នកថ្មើរជើង និង ការដាំស្មៅនិងផ្កាលម្អរសួន និងការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈផងដែរ។ ម្យ៉ាងទៀតគឺពិនិត្យគុណភាពនៃការសាងសង់ជម្រុញឲ្យអង្គភាពសាងសង់ អនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកឲ្យបានត្រឹមត្រូវ និងស្តង់ដារ ដែលអាចទទួលយកបាន ពោលគឺធ្វើផ្លូវឲ្យមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និង បញ្ចប់តាមផែនការគ្រោងទុក។
រដ្ឋមន្ត្រី បានណែនាំឲ្យក្រុមការងារជំនាញបច្ចេកទេសរបស់អង្គភាពសាងសង់ទាំងអស់ជិះកង់ ឬដើរត្រួតពិនិត្យគុណភាពផ្លូវដែលបានអ៊ុតកៅស៊ូរួច ដើម្បីធានាបាននូវគុណភាពរឹងមាំប្រើប្រាស់ជាប់បានយូរអង្វែង។
រដ្ឋមន្ត្រី ក៏បានសំណូមពរផងដែរឲ្យក្រុមការងារជំនាញបច្ចេកទេសពាក់ព័ន្ធ ពិនិត្យ លទ្ធភាពដាំផ្កាមុខផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ស័ក្តិសមជាមជ្ឈមណ្ឌល វប្បធម៌ ប្រវត្តិសាស្រ្ត ក៏ដូចជាជួយបង្កើនសោភ័ណភាពថែមមួយកម្រិតទៀត និងត្រូវយកចិត្តទុកដាក់លើការដឹកជញ្ជូនកៅស៊ូ ស្រោចផ្លូវឲ្យបានហ្មត់ចត់ទៅកាន់ការដ្ឋាន ចៀសវាងកុំឲ្យស្រក់នៅតាមដងផ្លូវ ធ្វើឲ្យបាត់បង់សោភ័ណភាពផ្លូវ ដែលបាន ស្ថាបនារួច៕SRP

