លោក ជាម ច័ន្ទសោភ័ណ ជំរុញដល់អ្នកស្ម័គ្រចិត្ត ឲ្យបន្តសកម្មភាព កាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងប្រតិបត្តិការមនុស្សធម៌

ខេត្តត្បូងឃ្មុំ​៖លោក​ ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត និងជាប្រធានគណកម្មាធិកាសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ បានថ្លែងជំរុញលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំងអស់ ឲ្យបន្តសកម្មភាពដ៍ល្អមួយនេះកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងប្រតិបត្តិការមនុស្សធម៌ជួយជនងាយរងគ្រោះ និងអ្នករងគ្រោះ តាមទិសស្លោក << កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា ដោយមិនឲ្យនរណាម្នាក់អត់អាហារស្លាប់នោះឡើយ>>។

លោក ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកដល់អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវរក្សាសុខភាពខ្លួនឲ្យបានល្អ បើយើងគ្មានសុខភាពរឹងមាំទេនោះ​ ម្តេចនឹងចុះជួយបងប្អូនពលរដ្ឋបាន ជាពិសេសក្នុងបរិបទកូវីដ១៩នេះតែម្តង។ ដើម្បីជាការលើកទឹកចិត្តលោកក៏បានចែកជូននូវប័ណ្ណសរសើរ ជែល ម៉ាស និងថវិកាមួយចំនួនដល់អ្នកស្ម័គ្រចិត្ត ទាំង១២០នាក់ផងដែរ។

លោកថ្លែងបែបនេះក្នុងឱកាសនាំយកអំណោយ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនអ្នកស្ម័គ្រចិត្តកាកបាទក្រហម និងចាស់ជរាគ្មានទីពឹង​ នៅ
ថ្ងៃទី៧ ខែធ្នូ ម្សិលមិញ នៅសាលាស្រុកពញាក្រែក​ ក្រោម​វត្តមាន​ លោក​ ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត​។

ឆ្លៀតក្នុងឱកាសនោះ​ លោក​ ជាម ច័ន្ទសោភ័ណ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្តីនឹករលឹកបំផុត និងថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងឈានមុខរបស់អ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានបរិច្ចាគធនធាន ពេលវេលា កម្លាំងកាយចិត្តចេញពីបេះដូងមនុស្សធម៌សុទ្ធសាធក្នុងការចូលរួមចំណែកជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងសហគម៍របស់ខ្លួន។

គួរ​បញ្ជាក់​ថា​ អំណោយ​ដែល​ត្រូវ​ចែកជូនដល់លោកយាយលោកតាចាស់ជរា គ្មាន​ទីពឹង​ ក្នុងស្រុកពញាក្រែក ចំនួន៥០នាក់ ក្នុងម្នាក់ៗទទួលបានអាវរងារ​ ១ អង្ករ១បេ មី១កេស ទឹកត្រី ទឹកស៊ីអីវ​ ត្រីខ ប្រេងឆា និងថវិកាមួយចំនួនផងដែរ​៕SRP