អភិបាលខេត្តកំពង់ចាម ប្រគល់ឈាបនដ្ឋានដល់វត្តបឹងកុកវិញ

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ អ៊ុន ចាន់ដា នៅថ្ងៃទី​៧ ខែធ្នូ​ ម្សិលមិញ បានវេរប្រគេនព្រះសង្ឃ និងប្រគល់ឈាបនដ្ឋានដល់គណៈកម្មការ អាចារ្យ វត្តជោតនារាមបឹងកុក ទុកសម្រាប់ប្រើប្រាស់ ទៅតាមតម្រូវការ នៃព្រះពុទ្ធសានា បន្ទាប់ពីបានជួសជុលកែលម្អ និងកសាង រួចរាល់ជាស្ថាពរ នូវឈាបនដ្ឋានថ្មី ១កន្លែង ស្ថិតក្នុងវត្តជោតនារាមបឹងកុក នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម​។

លោក​ អ៊ុន ចាន់ដា មានប្រសាសន៍ថា ក្នុងរយៈពេលកន្លងមក យើងបានយកឈាបនដ្ឋាន វត្តបឹងកុកនេះ ធ្វើជាទីកន្លែង សម្រាប់បូជាសព ជូនដល់ប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជម្ងឺកូវីដ ១៩។ ប៉ុន្តែដោយឈាបនដ្ឋាន នៅក្នុងអារាមនេះ មានសភាពចាស់ទ្រុឌទ្រោម មិនអាចរាប់រងដល់កិច្ចការបូជាសព បានចំនួនច្រើនក្នុង១ថ្ងៃៗ ដែលជាការឆ្លើយតបទៅនឹងតម្រូវការតាមវិធានការណែនាំ របស់រដ្ឋាភិបាល លោកក៏សម្រេចចិត្តកសាងនូវឈបនដ្ឋានថ្មីបន្ថែមទៀត និងជួសជុលកែលម្អឈាបនដ្ឋានចាស់ ឡើងវិញ នៅលើទីតាំងចាស់ ដើម្បី ទុកជាប្រយោជន៍ ដល់ប្រជាពលរដ្ឋប្រើប្រាស់ ទៅតាមតម្រូវការជាក់ស្ដែង។ ទន្ទឹមនឹងនោះដែរ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក៏ដូចជាកិច្ចការអាជ្ញាធរ យើងក៏បានជ្រើសរើសយកទីតាំង ២កន្លែង គឺស្ថិតនៅវត្តតាមាង និងវត្តកោះប្រាក់ ដើម្បីធ្វើការបូជាសព អ្នកបាត់បង់ជីវិត ដោយសារជម្ងឺកូវីដ ១៩ ជាបណ្ដោះអាសន្នសិន ទម្រាំឈាបនដ្ឋានថ្មីនេះ បានជួសជុល និងសាងសង់រួចរាល់ជាស្ថាពរនោះ។ ដូច្នេះថ្ងៃនេះ ឈាបនដ្ឋានថ្មី បានស្ថាបនារួចរាល់ជាស្ថាពរហើយ ក្នុងនាមក្រុមប្រឹក្សាខេត្ត ក៏ដូចជា គណៈអភិបាលខេត្ត យើងក៏បានធ្វើពិធីវេរប្រគេន ឬប្រគល់ជូនព្រះសង្ឃ ក៏ដូចជា គណៈកម្មការអាចារ្យវត្តបឹងកុក ដើម្បី យកសមិទ្ធផលនេះ ទៅចាត់ចែងប្រើប្រាស់ តាមតម្រូវការ នៃព្រះពុទ្ធសាសនា តទៅថ្ងៃអនាគត។ ឆ្លៀតក្នុងឱកាសនោះដែរ លោក​អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងអំណរព្រះគុណ ដល់ព្រះគ្រូចៅអធិការ និងគណៈកម្មការ អាចារ្យវត្តទាំង ៣ ដែលតែងតែសហការល្អ ជាមួយអាជ្ញាធរខេត្ត ក៏ដូចជា ប្រមុខរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែក ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជា នៅក្នុងប្រទេសកម្ពុជាផងដែរ។

ព្រះចៅអធិការវត្តបឹងកុក ក៏បានសម្ដែងនូវទឹកព្រះទ័យ សប្បាយរីករាយ ក្រៃលែង ចំពោះ ឈាបនដ្ឋានថ្មី ខាងលើនេះ ក៏ព្រោះថា បើព្រះអង្គកៀងគរបច្ច័យពីពុទ្ធបរិស័ទ ក៏ត្រូវការ ពេលវេលាយូរ ទម្រាំងលេចចេញជាសមិទ្ធផល ដូចថ្ងៃនេះ។ ជាមួយគ្នានោះដែរ តាំងនាមព្រះចៅអធិការ វត្តទាំង៣ ព្រះអង្គ ក៏បានសម្ដែងនូវទឹកព្រះទ័យរីករាយ ចំពោះ សមិទ្ធផលជាច្រើនទៀត ដែលខេត្តកំពង់ចាមសម្រេចបាន ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ នាពេលកន្លងមក ក្រោមការដឹកនាំ ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ តាមរយៈការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាដោះស្រាយ ព្រមទាង ការរួមគ្នាទទួលខុសត្រូវ ដោយឈរលើស្មារតីសាមគ្គីភាព ជាធ្លុងតែមួយ៕SRP