ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថាបុរសជាកម្មករម្នាក់ ត្រូវបានរថយន្តដឹកគ្រួសធ្វើផ្លូវថយក្រោយជាន់បែកខ្ទេចសាកសព។
សមត្ថកិច្ចបានបន្តថា ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង៧នាទីព្រឹកថ្ងៃទី ៤ ខែធ្នូឆ្នាំ ២០២១ ស្ថិតនៅផ្លូវ ០០៦ ជាប់ខាងជើងរបងមន្ទីរពេទ្យបង្អែកខេត្តសៀមរាបស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺរថយន្តឡានដឹកគ្រួសចាក់ផ្លូវ បានថយក្រោយជាន់បុរសដែលជាកម្មករកំពុងធ្វើគំនូសផ្លូវជាមួយគ្នាស្លាប់ភ្លាមៗតែម្ដង។
ជនរងគ្រោះឈ្មោះ ស្រី តូច ភេទប្រុសអាយុ ៤៦មានស្រុកកំណើត រស់នៅភូមិតាអ៊ុង ឃុំតាអ៊ុងស្រុកចំការលើ ខេត្តកំពង់ចាម។ ចំណែកអ្នកបើកបររថយន្តធុនធំដឹកគ្រួសមានស្លាកបន្ទាយមានជ័យ៣A-១៩២៩ ត្រូវបានរត់គេចខ្លួនពីកន្លែងកើតហេតុ។
បើតាមសម្ដីរបស់សមត្ថកិច្ចបានឲ្យដឹងថាទាំងអ្នកបើកបររថយន្តដឹកគ្រួសនិងជនរងគ្រោះ បានបាត់បង់ជីវិតគឺធ្វើការនៅក្រុមហ៊ុនដើម្បីសាងសង់ផ្លូវជាមួយគ្នា។
ទោះជាយ៉ាងណា ពាក់ព័ន្ធទៅនឹងករណីនេះរហូតមកដល់ពេលនេះសមត្ថកិច្ចពុំទាន់អាចកំណត់មូលហេតុនៃការកើតឧប្បត្តិហេតុនេះបាននៅឡើយទេ៕SRP

