យុវតី ដែលត្រូវឃាតក ចាប់រំលោភសម្លាប់ ជាក្មេងកំព្រាឪពុក រស់នៅជាមួយជីដូនជរា

0

ខេត្តកំពង់ចាម៖យុវសិស្ស ឌឹម អេងជូ ដែលបានស្លាប់ដោយឃាតកចាប់រំលោភនិងសម្លាប់ ជាក្មេងកំព្រាឪពុករស់នៅជាមួយជីដូនចាស់ជរា។

សូមរំលឹកថាហេតុការណ៍បានកើតឡើងកាលពី​វេលាម៉ោង៥ល្ងាច ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ខណៈ​ដែលយុវតីរងគ្រោះ ត្រឡប់មកពីសាលារៀនគួរបន្ថែម ត្រៀមប្រឡងបាក់ឌុប​ ប៉ុន្តែជាអកុសល នៅពាក់កណ្តាលផ្លូវស្ងាត់ ម្តុំចំការពោត ជាប់ព្រៃកៅស៊ូ ត្រូវបានជនដៃដល់ចាប់រំលោភ ហើយវាយសម្លាប់ យ៉ាងព្រៃផ្សៃ។

ជនដៃដល់ ឈ្មោះ ម៉ាប់ កំសត់ ហៅលន អាយុ ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួនក្រោយពីបានធ្វើសកម្មភាពរយ:ពេលប៉ុន្មានម៉ោងក្រោយមក។

ចំណែក ជនរងគ្រោះឌឹម អេងជូ ជាកូនកំព្រាឪពុក អាយុ១៦ឆ្នាំ រស់នៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាល័យ ហ៊ុនសែន ចំការលើ។

យុវតីជនរងគ្រោះរូបនេះ រស់នៅជាមួយជីដូនជរា និងប្អូនស្រីម្នាក់ទៀត អាយុ ១៤ឆ្នាំ ជាសិស្សកំពុងរៀនថ្នាក់ទី​ ៧ ខណៈដែលម្តាយ ទៅធ្វើការនៅប្រទេសថៃ បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ។

នៅព្រឹកមិញនេះ លោកស្រី​ ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម​ បាននាំយក​ថវិកា​ និង​សម្ភារ​មួយចំនួន ចូលរួមបុណ្យសពយុវតី ឈ្មោះ ឌឹម អេងជូ។

លោកជំទាវ ប៉ាង ដានី បានចូលរួមសម្តែងការសោកស្តាយ ជាពន់ពេក ជាមួយគ្រួសារសព ដែលបានបាត់បង់កូន ចៅ បងស្រីជាទីស្រឡាញ់ ហើយបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ពី លោ អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និង លោក ហ៊ុន ណេងប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែ ខ្វាយខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ទូទៅ ពិសេស ជនរងគ្រោះ និង ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬ និន្នាការនយោបាយអ្វីឡើយ។

លោកស្រី​ ក៏បានលើកទឹកចិត្តដល់គ្រួសារសព និង​ចូលបុណ្យ រួមមាន​ ថវិកា​ ៩០ម៉ឺនរៀល​ អង្ករ ១០០គីឡូក្រាម និង​សម្ភារមួយ​ចំនួន៕SRP