ខេត្តកំពង់ចាម៖ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» នៅថ្ងៃអង្គារ ព្រឹកមិញនេះ សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា ដោយសារតែស្ថានភាពជំងឺកូវីដ-១៩ រីករាលដាលនៅទូទាំងប្រទេសអស់រយៈពេលប្រមាណជាជិត២ឆ្នាំមកនេះ បានធ្វើឲ្យកម្ពុជាចំណាយថវិកាជាង២,៣០០លានដុល្លារដើម្បីចំណាយលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ និងចំណោយផ្សេងៗ ដែលចំនួនទឹកប្រាក់នេះវាស្មើនឹងការចំណាយលើការសាងសង់ស្ពានបានចំនួន២០ខ្សែ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានរំលឹកពីយុទ្ធសាស្ត្រជាច្រើនពាក់ព័ន្ធយុទ្ធសាស្ត្រក្នុងព្រឹត្តិការណ៍នានា ក្នុងកំលុងរាតត្បាតនៃជំងឺកូវីដ-១៩ ដោយសម្តេចតេជោបានថ្លែងថា ក្នុងនាមជាមេដឹកនាំរបស់ជាតិ សម្តេចមិនអាចឱ្យប្រជាពលរដ្ឋស្លាប់ ដោយមិនដាក់ចេញវិធានការចាំបាច់មួយចំនួននោះទេ ទោះត្រូវគេរិះគន់យ៉ាងណាក៏ដោយ។
នាយករដ្ឋមន្ត្រីក៏បានសូមអោយយកចិត្តទុកដាក់សុខភាពមនុស្សចាស់ ក្នុងពេលរដូវចុះត្រជាក់ខាងមុខនេះ។ សូមអោយអាជ្ញាធរត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាពមបុស្សចាស់ ដូចជាត្រៀមផ្តល់ជូននូវអាវភ្លៀង អាវរងារ ភួយ ដើម្បីជួយដល់មនុស្សចាស់ទាំងឡាយដែលមានការខ្វះខាត។ សម្តេចតេជោបានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំបំពេញការងារនាពេលកន្លងមកនេះ ជាពិសេសក្នុងពេលទប់ស្កាត់កូវីដ ក៏ដូចជាពេលដែលបើកប្រទេសជាតិឡើងវិញនេះ៕SRP

