សម្តេច ហ៊ុន សែន បានបន្ថែមឈ្មោះស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មា នេះថាជា “ស្ពានភ្ជាប់និស្ស័យ” ដែលមានន័យទូលំទូលាយ គឺជាភ្ជាប់និស្ស័យរវាងកម្ពុជា និងចិន , ជាការភ្ជាប់និស្ស័យរវាងប្រជាពលរដ្ឋនៃទឹកដីនៃស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅទឹកដីនៃស្រុកក្រូចឆ្មារ នៃខេត្តត្បូងឃ្មុំ និងមួយទៀតគឺភ្ជាប់និស្ស័យរវាងរូបសម្តេចផ្ទាល់ជាមួយនឹងឧត្ដមភរិយារបស់សម្តេច គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចមានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ឯសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត មានស្រុកកំណើតនៅស្រុកក្រូចឆ្មារ។
សម្តេចជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថាពីមុនតំបន់នេះពិតជាមានការលំបាកណាស់ដោយធ្វើដំណើរត្រូវប្រើទូកចែវ បន្ទាប់កទូកម៉ាស៊ីន ដែលមានការលំបាកសម្រាប់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងត្រើយខាងលិច ទៅត្រើយខាងកើត ជាពិសេសពេលមានជម្ងឺឈឺថ្កាត់ម្តងៗតែងតែលំបាក ពោលគឺទម្រាំទៅដល់មន្ទីរពេទ្យត្រូវចំណាយពេលវេលាយូរ ។ តែពេលនេះយើងមិនមានការលំបាកទៀតទេ ដោយសារយើងមានស្ពានមិត្តភាពកម្ពុជា ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ឬស្ពានភ្ជាប់និស្ស័យនេះ។
សម្តេចពិតជាមានមោទនភាពចំពោះសមិទ្ធផលជាតិដែលកើតមានឡើងជាបន្តបន្ទាប់។សម្តេចបានរំលឹកពីការតស៊ូដឹកនាំប្រទេសដំបូងដោយយកជីវិតធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិចេញពីសង្គ្រាម បន្ទាប់មកយើងបានចាប់ផ្តើមអភិវឌ្ឍសង្គម សេដ្ឋកិច្ច ជាបន្តបន្ទាប់រហូតដល់មានការរីកចម្រើនជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិនដែលបានជួយកសាងស្ពាននេះ ក៏ដូចជាសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធ របស់ប្រទេសកម្ពុជាជាច្រើនទៀត។ សម្តេចតេជោ បានអបអសាទរសាទរចំពោះសមិទ្ធផលស្ពានថ្មី និងផ្លូវដែលត្រូវសាងសង់បន្តជាពេលនេះ និងបានជូនពរអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក៏បានអញ្ជើញកាត់ខ្សែបូរសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់- ក្រូចឆ្មារ ចាប់ពីពេលនេះតទៅ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានសង់ផ្លូវជាតិលេខ «71C» នៅថ្ងៃអង្គារ ៤រោច ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព្រឹកមិញនេះ។
លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានបង្ហាញនូវក្តីសោមនស្សរីករាយនៅពេលឃើញថាកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជាទទួលបានសមិទ្ធផលផ្លែផ្កាថ្មីៗឥតឈប់ឈរ។ លោកតំណាងឱ្យភាគីចិនបានចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានមិត្តភាពកម្ពុជា-ចិន និងការចាប់ផ្តើមគម្រោងការដ្ឋានសាងសង់ផ្លូវជាតិលេខ71Cនាពេលនេះ។ ចិនតែងមានសុភាសិតមួយពោលថា ” ចង់ឆ្លងទន្លេត្រូវសង់ស្ពានជាមុន “។ ប្រទេសកម្ពុជាសម្បូរធនធានទឹក ទន្លេតូចធំខ្វាត់ខ្វែងជាបណ្ដាញ ហើយស្ពានមានតួនាទីយ៉ាងសំខាន់ដែលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងប្រទេស ដូចនេះ ក្នុងនាមជាមិត្តពិតប្រាកដរបស់កម្ពុជា ភាគីចិនបានផ្តល់ជំនួយសាងសង់ស្ពានជាបន្តបន្ទាប់ជូនកម្ពុជាចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់បច្ចុប្បន្ននេះមានសស្ពានឆ្លងកាត់ទន្លេចំនួនសរុប៨ ហើយស្ពាននីមួយៗមិនត្រឹមតែតភ្ជាប់បណ្ដាទីកន្លែងក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់បេះដូងនៃប្រជាជនទាំងពីរយ៉ាងស្អិតរមួត វាបានក្លាយជាស្ពានចំណងមិត្តភាកម្ពុជា និងចិនយ៉ាងពិតប្រាកដ៕SRP

