អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរមូលដ្ឋាន ត្រូវបម្រើសេវាជូនពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាព និងរហ័ស

0

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានប្រាប់ដល់មេឃុំ មេប៉ុស្ដិ៍ ស្មៀន និងមេភូមិ គឺជាបុគ្គលដែលនៅស្និតជាមួយប្រជាពលរដ្ឋជាងគេ ដូចនេះអ្នកទាំងនេះត្រូវបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធិភាព និងរហ័ស ពង្រឹងសេវារដ្ឋបាលឃុំ ស្រុក ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលទទួល និងពេញចិត្តជាមួយសេវាសាធារណៈដែលយើងបានផ្ដល់ជូនគាត់។

លោកសុខ លូ មានប្រសាសន៍ណែនាំបែបនេះនៅរសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ម្សិលមិញក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ មេឃុំ និងកងកម្លាំងប្រដាប់អាវុធ នៃរដ្ឋបាលស្រុកគាស់ក្រឡ។

ឆ្លៀតក្នុងឱកាសនោះ លោកសុខ លូ ក៏បានប្រាប់ដល់មន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ឲ្យខិតខំពង្រឹងវិន័យការងាររបស់ខ្លួន ឥរិយាបទ និងសាមគ្គីភាពផ្ទៃក្នុងរបស់ខ្លួន ដើម្បីឲ្យដំណើរការការងារបានល្អប្រសើរទៅមុខ។

លោកក៏បានឲ្យរៀបចំប្លង់មេឲ្យហើយស្រេច ដូចជាការធ្វើផ្លូវត្រូវតែទុកចំណីផ្លូវឲ្យបានរួចជាស្រេច ហើយបើសិនជាមានករណីមានបុគ្គលណាម្នាក់រំលោភបំពានលើចំណីផ្លូវ ទោះត្រឹមរយៈពេលខ្លីក៏ដោយ ក៏ត្រូវឲ្យរុះរើជាបន្ទាន់៕SRP