អភិបាលខេត្ត​ រំលឹកដល់សិស្សានុសិស្ស ទាំងអស់ ឲ្យខិតខំរៀនសូត្រ

0

ខេត្តកំពង់ចាម៖អភិបាលខេត្តកំពង់ចាម​ អ៊ុន ចាន់ដា នៅព្រឹកមិញនេះបានក្រើនរំលឹកដល់ក្មួយៗសិស្សានុសិស្ស ទាំងអស់ដែលមានឱកាសបានចូលរៀនសូត្រឡើងវិញ សូមក្មួយៗបន្តខិតខំសិក្សារៀនសូត្រ ទទួលយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ ដើម្បីត្រៀម ប្រឡងសញ្ញាបត្រនៅពេលខាងមុខនេះ ដែលជាថ្នាលបណ្តុះធនធានមនុស្ស និងជាទំពាំងស្នងឫស្សីសម្រាប់គ្រួសារ ក៏ដូចជា​សង្គមជាតិទាំងមូល ។

អភិបាលខេត្ត​ ក៏បានណែនាំដល់ក្មួយៗសិស្សានុ សិស្ស លោកគ្រូ អ្នកគ្រូ ឲ្យ​បន្តអនុវត្ត​ឲ្យ​បានខ្ជាប់ខ្ជួន នូវវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ដើម្បីសំដៅធ្វើយ៉ាងណាកាត់ផ្តាច់ខ្សែចម្លងជំងឺកូវីដ-១៩ និងត្រូវរៀនរស់ និងការសិក្សាជាមួយគន្លងថ្មី នៃបរិបទកូវីដ-១៩ ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោករំលឹកបែបនេះ ក្ក្នុងពេលជួបសំណេះសំណាល ជាមួយគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យព្រះសីហនុ ក្នុង​ពិធី​ប្រកាស​បេីកឲ្យដំណើរការរៀន និងបង្រៀនឡើងវិញ។

ក្នុងឱកាសនោះដែរ​ ​អភិបាលខេត្ត​ ក៏បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ម៉ាស ១០.០០០ កៅអីជ័រ២០០ ដល់វិទ្យាល័យព្រះសីហនុផងដែរ​៕SRP