រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨

រដ្ឋមន្ត្រីក្រសួងសាធារណការ ចុះត្រួតពិនិត្យការសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨

ភ្នំពេញ៖លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃច័ន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ នេះបានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ១៤៨ ដើម្បីតាមដានការងារបច្ចេកទេសសាងសង់ របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្ត ទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់ ធានាឱ្យផ្លូវនេះមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង។

សូមជម្រាបថា ផ្លូវលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់ គីឡូម៉ែត្រ ១៧៨ +១៦៥)

រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០)

ផ្លូវជាតិលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០) ប្រវែងសរុប ៤៣,០២៥គីឡូម៉ែត្រ ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលចាប់ផ្តើមសាងសង់ ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅក្នុងខែ សីហា ឆ្នាំ២០២២។

គម្រោងនេះសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន (Brach of China Road and Bridge Cooperation in Cambodia) ក្រោមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ថិតនៅក្នុងខេត្តព្រះសីហនុ ក្នុងក្របខណ្ឌប្រើប្រាស់កញ្ចប់ថវិកាសន្សំរបស់ជាតិ។

រដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានចុះពិនិត្យម៉ាស៊ីនលាយបេតុងស៊ីម៉ងស្វ័យប្រវត្តិដែលអាចសាងសង់បានប្រវែង ៥០០ម៉ែត្រក្នុងមួយថ្ងៃ និងកំរាស់ ២៦សង់ទីម៉ែត្រ និងពិនិត្យការធ្វើតេស្តគុណភាពផ្លូវ ដោយម៉ាស៊ីនតេស្តគុណភាពទ្រនាប់ផ្លូវ FWD ផ្នែកខាងក្រោម( Bases Course)។

រដ្ឋមន្ត្រី ក៏បានបន្តដំណើរចុះពិនិត្យការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុត្រង់ចំនុចប្រសព្វផ្លូវ ១៤៦B និងត្រួតពិនិត្យស្ថានីយចម្រោះទឹកកខ្វក់ទី២ ដែលស្ថិតនៅក្នុង សង្កាត់ទី៣ ក្រុងព្រះសីហនុ តាមបណ្តោយអូរសុខាផងដែរ។

លោករដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើទៅក្រុមហ៊ុន សាងសង់ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឱ្យធ្វើការយកចិត្តទុកដាក់ខ្ពស់ ទៅលើគុណភាពនៃការស្ថាបនាផ្លូវ និងផ្តាំផ្ញើទៅបងប្អូន ប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូន ឱ្យគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿន ឬដឹកលើសទម្ងន់ ដែលជាកត្តាបង្កឱ្យមាន ការខូចខាតផ្លូវមុនអាយុកាល ការគ្រោះថ្នាក់ចរាចរណ៍ នាំឱ្យបាត់បង់អាយុជីវិត និងបាត់បង់ថវិកាជាតិផងដែរ៕SRP