ខេត្តបាត់ដំបង៖កម្លាំងការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង សហការ ជាមួយមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ បានចុះរឹបអូសឈើប្រណិតជិត៣០ដុំ ខណៈឈ្មួញត្រៀមបំរុងដឹកចល័តចេញពីផ្ទះ។
ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី២៣ ខែឧសភា ម្សិលមិញនៅត្រង់ចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមការបញ្ជាពីលោក មាស សុវណ្ណ មេបញ្ជាការអាវុធហត្ថខេត្ត។
មន្ត្រីអាវុធហត្ថខេត្តបានថ្លែងប្រាប់បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅព្រឹកថ្ងៃទី២៤ឧសភានេះថា ប្រតិបត្តិការនេះ មន្ត្រីជំនាញបានដកហូតឈើប្រណិតសរុបចំនួន ២៨ដុំ។ ក្នុងនោះប្រភេទឈើបេងចំនួន ២១ដុំ និងប្រភេទឈើធ្នង់ចំនួន ០៧ដុំ ស្មើនិង ០,៧០៥ម៉ែត្រគូប។ ដោយមានម្ចាស់ឈើឈ្មោះ គឹម ចំរើន ភេទប្រុសអាយុ៤១ ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
មន្ត្រីអាវុធហត្ថបញ្ជាក់ថាក្រោយពីបានដកហូតឈើប្រណិតខាងលើត្រូវបានមន្ត្រីជំនាញដឹកជញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕SRP

