អាជ្ញាធរខេត្តកំពង់ចាម​ ទទួលអំណោយថវិកា​ និងសម្ភារ​ ពីសប្បុរសជន

0

ខេត្តកំពង់ចាម៖លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅរសៀល​ថ្ងៃ​ទី​១៨​ ខែឧសភា​ នេះ​ បានទទួលអំណោយ ថវិកានិងសម្ភារពីសប្បុរសជន​នានា​។

លោកអ៊ុន​ ចាន់ដា​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ ចំពោះសប្បុរសជន​ទាំងអស់​ ដែលបាននាំយកអំណោយមនុស្សធម៌ មកជួយឧបត្ថម្ភដល់​រដ្ឋបាល​ខេត្ត​ សម្រាប់យកទៅ ជួយ​សម្រួល​ដល់​ទុក្ខ​លំបាក​ របស់ប្រជាពលរដ្ឋ​ ដែល​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ និង​ប្រេីប្រាស់​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ជាពិសេស​ការ​ផ្គត់ផ្គង់​ ដល់​ប្រជាពលរដ្ឋ​ដែល​​ប្រឈម​នឹង​ការ​ខ្វះខាត​​ និង​ពលករ​ចំណូលស្រុក​ ដែលកំពុង​​ធ្វើចត្តាឡីស័ក​ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម​​។

អភិបាលខេត្ត​ ក៏បាន​ជូនពរ​ និង​សង្ឃឹមជឿជាក់ថា បងប្អូនសប្បុរសជន ឬម្ចាស់​ក្រុមហ៊ុននានា​ នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់រដ្ឋបាលខេត្ត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ជា​បន្ត​ផងដែរ​។

គួរ​បញ្ជាក់​ផង​ដែរថា​ ក្នុងពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ សាខាកាកបាទក្រហមកម្ពុជា​ខេត្តកំពង់ចាម​ បាន​ទទួល​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​ ស្នងការរដ្ឋាននគរបាល​ខេត្តកំពង់ចាម​ នូវ​ថវិកា​ ចំនួន​ ​១៦លាន​ ​៨០ម៉ឺនរៀល​។​ លោក លូ  គឹមឈន់ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា  ឧបត្ថម្ភ​ថវិកា​ ចំនួន​ ​២០លានរៀល​។ លោក  សុីម គង់ អភិបាលស្រុកស្រីសន្ធរ​ ឧបត្ថម្ភ​ថវិកា​ ចំនួន​ ៦ ៦៦៥ ០០០រៀល​។
ដោយឡែក​ គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ព្រះមន្ត្រីសង្ឃ​ នូវ​អង្ករ​ ចំនួន​ ១តោន​ និង​ទឹក​បរិសុទ្ធ​ ចំនួន​ ៣២០៥យួរ​។ សមាគម​កាតូលិក​ភូមិភាគ​កំពង់ចាម​ ឧបត្ថម​ម៉ាស​ ចំនួន​ ៥ម៉ឺន​ម៉ាស​។ ធនាគារវឌ្ឍនៈ​ ឧបត្ថម្ភ​ម៉ាស​ ចំនួន​ ២០កេស​ និង​អាល់កុល​ ៣កាន​។សាខា​ក្រុមហ៊ុន​ដឹកជញ្ជូន​វីរះ​ប៊ុនថាំ​ខេត្តកំពង់ចាម​ ឧបត្ថម្ភ​ ថវិកា​ចំនួន​ ៤០ម៉ឺនរៀល​ ទឹក​បរិសុទ្ធ​៥០យួរ​ និង​ម៉ាស​ចំនួន​ ១កេស​៕SRP