ភ្លើងកំពុងតែបន្តឆេះព្រៃលិចទឹក ក្នុងតំបន់បឹងពារាំង

0

ខេត្តសៀមរាប៖អ្នករាយការណ៍បានឲ្យដឹងថាគិតមកដល់ល្ងាចថ្ងៃទី ១៨ខែឧសភាឆ្នាំ២០២១នេះ ភ្លើងបានបន្តឆេះព្រៃលិច ទឹកនៅតំបន់បឹងពារាំង មានរយ:ពេល៤យប់និង៦ថ្ងៃ ហើយ ដែលកំពុងបំផ្លាញព្រៃជម្រកត្រីពងកូន អស់រាប់សិបហិកតា។

ជាមួយគ្នានោះថ្នាក់ដឹកនាំខេត្ត.ក្រុង.ព្រមទាំងតំណាងរាស្ត្រមណ្ឌលសៀមរាប លោកឧកញ៉ាសៀង ណាំ ក៏បានចុះទៅជួយពន្លត់ផ្ទាល់ ហើយបានបន្ថែមរថយន្តពន្លត់អគ្គិសភ័យជាច្រើនគ្រឿងទៀត ក្នុងការទប់ស្កាត់ការឆេះរាលដាលនេះ។
លោកគង់ មង្គល ប្រធានសហគមន៍បឹងពារាំង បានអោយដឹងថា ព្រៃលិចទឹកដែលរងការឆាបឆេះនេះ ស្ថិតនៅផ្នែកខាងលិច ប្រមាណជាង១គីឡូពីបឹងពារាំង។ ដោយឆេះអស់ប្រហែលជិត៥០ហិកតាហើយ ខណ:នេះទាំងមន្ត្រីពាក់ពន្ធ័ និងថ្នាក់ដឹកនាំបានកំពុងបន្តអន្តរាគមន៍ក្នុងការពន្លត់។

ចំណែកលោក ពត វ៉ាន់ដេត នាយរងទទួលរួមផ្នែករដ្ឋបាលជលផលចុងឃ្នៀស បានអោយដឹងថា ចំណុចដែលឆេះមានឈ្មោះថា ដៃតានន ស្ថិតនៅខាងលិចបឹងពារាំងប្រហែល១គីឡូម៉ែត្រ នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប។ ភ្លើងបានចាប់ផ្តើមឆេះតាំងពីថ្ងៃទី១៣ខែឧសភាមក។តាមការសន្និដ្ឋានជំហ៊ានដំបូងនេះ ឆេះអស់ប្រហែលជាង១០ ហិកតា។ ចំពោះមូលហេតុ លោកនៅមិនទាន់បញ្ជាក់បានទេ។

លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ក៏បានអោយដឹងដែរថា តាមពិតភ្លើងឆេះព្រៃនេះកើតមាន២ ដំណាក់កាល។លើកទី១ថ្ងៃដំបូងអាជ្ញាធរនិងសមត្ថកិច្ច បានពន្លត់រួចម្តងមកហើយ។ ទើបពីរថ្ងៃមុននេះ ក៏ចាប់ផ្តើមឆេះម្តងទៀតហើយក៏រាលដាលខ្លាំងដោយសារកម្លាំងខ្យល់។
លោកបន្តថា ក្នុងការអន្តរាគមន៍ពន្លត់យើងមានរថយន្តអគ្គិសភ័យពីខាងប៉ូលិស ប៉េអឹម និងអាជ្ញាធរអប្សរា រួមទាំងគ្រឿងចក្រឈូសផ្លូវជាក្រវ៉ាត់ទៀតដើម្បីទប់ស្កាត់ការរាលដាល។

លោកអភិបាលបញ្ជាក់ថា សម្រាប់ល្ងាចថ្ងៃទី ១៨ ខែឧសភានេះ ប្រសិនបើមិនមានខ្យល់បោកបក់ខ្លាំងទេយើងអាចគ្រប់គ្រងបាន។ តែបើមានខ្យល់បក់បោកខ្លាំង យើងក៏នៅតែពិបាកគ្រប់គ្រងដែរ។ បើអីចឹងមែននោះ ភ្លើងអាចរាលដាលដល់បឹងពារាំង នោះវាអាចបំផ្លាញត្រីមេពូជ ក៏ដូចជាសត្វគ្រប់ប្រភេទផងដែរ។ តែលោករំពឹងថា ស្ថានការអាចគ្រប់គ្រងបាន ពីព្រោះថា បានឈូសផ្លូវជាច្រើនក្រវ៉ាត់រួចហើយ។ ចំពោះមូលហេតុ លោកអភិបាលបញ្ជាក់ថា ដឹងពីតម្រុយហើយ តែទុកលទ្ធភាពអោយសមត្ថកិច្ចធ្វើការសិន។
ទោះបីយ៉ាងនេះក្តី ទាំងសមត្ថកិច្ចនិងអាជ្ញាធរ នៅតែបង្ហាញក្តីបារម្ភ ចំពោះការឆេះរាលដាល់ទៅដល់ចំណុចបឹងពារាំង៕SRP