ធ្វើសកម្មភាព១៥លើក «ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម» ពន្លាតចាប់ខ្លួនបានមនុស្ស៥នាក់

ខេត្តកំពង់ចាម៖ប៉ូលិសខេត្តកំពង់ចាម បានសហការគ្នា ចាប់ខ្លួនមនុស្សចំនួន៥នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (បាញ់ដោយអាវុធខ្លី) ដោយធ្លាប់ធ្វើសកម្មភាពចំនួន១៥លើក «ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម»។

ការចាប់ខ្លួនធ្វើឡើងកាលនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ នៅក្នុងខេត្តកំពង់ចាម តាមបញ្ជារបស់បញ្ជាលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ។

នគរបាលខេត្ដកំពង់ចាមបានបញ្ជាក់ថាករណីនេះជំហ៊ានដំបូងបានចាប់ខ្លួនជនសង្ស័យបានចំនួន០៣នាក់៖ ១.ឈ្មោះ ឡាំ ឆុន ហៅ ឈុន វីរះ ហៅ ឡុងសម្បត្តិ ហៅឡុងធា ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងដូង ឃុំសំរោង ស្រុកបន្ទាយមាស ខេត្តកំពត។

   ២.ឈ្មោះ ដេត សុផល ភេទប្រុស  អាយុ៤៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិលតាពក ឃុំអំពិលតាពក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

   ៣.ឈ្មោះ ហោ ស្រីអូន ភេទស្រី  អាយុ៤៨ឆ្នាំមានទីលំនៅភូមិវាលស្បូវ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដោយដកហូតវត្ថុតាងរួមមាន៖ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព ចំនួន០៣គ្រឿង (ធុនសេ១២៥ ចំនួន០២គ្រឿង និងម៉ូតូម៉ាក វីហ្សិន ចំនួន០១ គ្រឿង) , ស្លាកលេខម៉ូតូចំនួន១៤ ស , អាវុធខ្លីចំនួន០១ដើម (ម៉ាក k59 ) , គ្រាប់ចំនួន១០គ្រាប់ , សោកាច់ចំនួន២៣គ្រាប់ និងសម្ភារវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យបានឆ្លើយថា កន្លងមកពួកវាធ្លាប់ធ្វើសកម្មភាព ចំនួន១៥លើក (ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម) ហើយម៉ូតូដែលធ្វើសកម្មភាពយកបានពីអំពើលួច គឺបានយកទៅលក់ឲ្យ មុខសញ្ញាទទួលផលចោរកម្ម នៅរាជធានីភ្នំពេញ។

នគរបាលបានបន្តថានៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានបន្តចុះស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានមុខសញ្ញាទទួលផលចោរកម្មបានចំនួន០២នាក់ទៀត នៅចំណុចតាមផ្លូវវិមានឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់ព្រែកព្នៅ ខ័ណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

១-ឈ្មោះ សួន រស្មី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិប្រាំបីមុំ ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

   ២-ឈ្មោះ អ៊ួង សុខគា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ដកហូតសម្ភារវត្ថុតាងរួមមាន៖១-រថយន្តចំនួន០១គ្រឿង ម៉ាក កាម៉ារី ពណ៌ស ពាក់ផ្លាក់លេខ ២AQ-៩០៦៨ (ប្រើប្រាស់ស្លាកលេខក្លែងក្លាយ)  ។

    ២-ទូរស័ព្ទដៃចំនួន០២គ្រឿង។ ៣-អត្តសញ្ញាណប័ណ្ណនគរបាលជាតិ (ក្លែងក្លាយ) មានឈ្មោះ បូ សំបេត ឋានន្តរស័ក្កិ អនុសេនីយ៍ឯក ឋានៈ មន្ត្រី អត្ថលេខ ៥៧៤៤៧ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានចងក្រងសំណុំរឿងតាមនីតិវិធី និងបានបញ្ជូនទៅ សាលាដំបូងខេត្តកំពង់ចាម អនុវត្តតាមផ្លូវច្បាប់៕SRP