ប៉ូលិសបាគង ចាប់ខ្លួនមនុស្ស២នាក់ ករណីកាប់ទន្រ្ទានព្រៃលិចទឹក

ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការស្រាវជ្រាវចាប់ខ្លួន មនុស្ស០២នាក់ភ្លាមៗពាក់ពន្ធ័ករណីឈូសឆាយ និងកាប់ទន្រ្ទានព្រៃលិចទឹក ដែលជាជម្រកត្រីពងកូននារដូវវស្សា នៅចំណុចទំនប់កញ្ចូន និងទំនប់កូនស្មន់ ស្ថិតក្នុងភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ ការចាប់ខ្លួនធ្វើឡើងនៅថ្ងៃទី៨ខែឧសភា ឆ្នាំ២០២១។

ប៉ូលិសស្រុកបានបញ្ជាក់ថាមនុស្សទាំងពីរនាក់ ទី១ឈ្មោះដឹងដន ភេទប្រុសអាយុ៣៨ឆ្នាំ នៅភូមិឃុនមោឃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ទី២/ឈ្មោះសេង សឿយភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ប៉ូលិសបានបញ្ជាក់ថាជនសង្ស័យទី១បានសារភាព ថានៅថ្ងៃកើតហេតុខាងលើ ខ្លួនពិតជាបាន ធ្វើការកាប់ឆ្ការទន្រ្ទានព្រៃសហគមន៍ ដែលជាតំបន់ហាមឃាត់ពិតមែន និងធ្លាប់បានដុតព្រៃបរិវេណនេះពីមុនផងដែរ។ ចំណែកជនសង្ស័យទី២ បានឆ្លើយសារភាពថា ខ្លួនពិតជាបានទៅលើកភ្លឺនិងកាប់ទន្ទា្រនដីសហគមន៍ហាមឃាត់ពិតមែន។ជាមួយគ្នានេះកាលពីជាងកន្លះខែមុននេះខ្លួនក៏ធ្លាប់បានអោយប្អូនថ្លៃឈ្មោះឌឹម សុខា ភេទប្រុស រស់នៅភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ជួលត្រាក់ទ័រចំនួន០២គ្រឿងអោយរុញព្រៃនិងភ្ជួរលើដីនេះផងដែរ។

បើតាមប៉ូលិសបានថាយោងតាមចម្លើយសារភាព និងវត្ថុតាងដែលដកហូតបាន បច្ចុប្បន្នបុរសទាំង០២នាក់ ត្រូវបានបញ្ជូនទៅកម្លាំងនគរបាលការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ដើម្បីអនុវត្តតាមច្បាប់៕SRP