ពលរដ្ឋ​ជាង​៧០០គ្រួសារ​ នៅតំបន់បិទខ្ទប់​ ក្នុងស្រុកកងមាស​ ទទួលបានអំណោយពីសម្តេចហ៊ុន​ សែន​

ខេត្តកំពង់ចាម៖ពលរដ្ឋចំនួន៧៣០គ្រួសារ ដែល​រស់នៅតំបន់​បិទខ្ទប់​ ក្នុងភូមិសាស្ត្រស្រុកកងមាស បានទទួល អំណោយរបស់ សម្តេច ហ៊ុន​  សែន​ នាយករដ្ឋមន្ត្រី​។

ការអំណោយទទួលបាននៅព្រឹកមិញនេះ តាមរយៈ លោក អ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម។
លោកអ៊ុន ចាន់ដា ក្នុងនាមជាប្រធានគណកម្មការខេត្តប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ បាន​អំពាវនាវ​ដល់ពលរដ្ឋ ឲ្យបង្កេីនការប្រុងប្រយ័ត្នខ្ពស់​ ក្នុងការប្រាស្រ័យទាក់ទងគ្នា​ ជាពិសេស​ត្រូវ​អនុវត្តន៍កាតព្វកិច្ចពាក់ម៉ាស់ និងកាតព្វកិច្ច រក្សាគម្លាត សុវត្ថិភាពបុគ្គល ស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដេីម្បី​ឈានដល់ការបញ្ចប់នូវព្រឹត្តិការណ៍២០​កុម្ភៈ​។

អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​ អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់តាមដាន លេីការគ្រប់គ្រងពលរដ្ឋចំណូលស្រុក ករណីមកពីតំបន់ហានិភ័យខ្ពស់ ត្រូវនាំទៅយកសំណាកពិនិត្យ និងដាក់​ឲ្យ​ធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ឬនៅតាមផ្ទះរៀងៗខ្លួន។

គួរ​បញ្ជាក់​ថា​ អំណោយ​របស់សម្ដេចតេជោ  និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ផ្តល់ជូនប្រជាពលរដ្ឋ ដែលជួបការលំបាក ក្នុងតំបន់បិទខ្ទប់ ក្នុងស្រុកកងមាស ចំនួន ៧៣០គ្រួសារ ដោយក្នុង១គ្រួសារ ទទួល​បានអង្ករ ២៥គក្រ មី១កេស ត្រីខ ១០កំប៉ុង។ ប្រគេនវត្តជួបការលំបាក ក្នុងស្រុកកងមាសចំនួន ៩វត្ត ក្នុង១វត្ត ប្រគេនអង្ករ ១០០គីឡូ មី៥កេស ត្រីខ ៥យួរ និងបច្ច័យ ២០០.០០០រៀល​ ផងដែរ​៕SRP