ខេត្តសៀមរាប៖លោក សុខ តុញ ស្ថាបនិក ក្រុមហ៊ុនសុខ តុញ រៀលអុីសស្ទេត និង ប្រធានក្រុមប្រឹក្សាភិបាល គម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន)និងក្រុមការងារ នៅព្រឹកមិញនេះ បាននាំយកអង្ករចំនួន ១តោន មីម៉ាម៉ាចំនួន ៥០កេស ទឹកសុទ្ធ ៣០កេស ត្រីខ ១០កេស ម៉ាស ១០០ប្រអប់ អាល់កុល ៣បាដុង ទឹកស៊ីអ៊ីវ ៣០យួ ទឹកត្រី ៣០យួ និងថវិកាចំនួន ១លានរៀល ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅក្នុងខេត្តសៀមរាប ក្រោមវត្តដ៏ខ្ពង់ខ្ពស់របស់លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប។
លោក ពិន ប្រាកដ បានបញ្ជាក់ថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលត្រឡប់មកពីក្រៅប្រទេស និងរាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជំងឺកូវីដ-១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្រុង ស្រុក។ ដូច្នេះយើងគ្រប់គ្នាត្រូវគោរពប្រតិបត្តិឲ្យខាងតែបាន នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និង សេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល។
លោកបានបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយ៉ាងល្អប្រសើរ។
រដ្ឋបាលខេត្តសូមថ្លែងអំណរគុណ និងសូមជូនពរ លោក សុខ តុញ និងក្រុមការងារ នៃគម្រោង អង្គរ អ៊ីកូ រ៉េស៊ីដេន ជួបប្រទះតែពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡើយ។
រដ្ឋបាលខេត្ត បន្តអំពាវនាវដល់ប្រជាពលរដ្ឋបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ហើយ សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង៕SRP

