កូនប្រុស នាយករដ្ឋមន្ត្រី ឧបត្ថម្ភ​គ្រែ​​២៥០ ដល់ មន្ទីរពេទ្យមេគង្គកំពង់ចាម​ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩​

0

ខេត្តកំពង់ចាម៖កូនប្រុសរបស់ នាយករដ្ឋមន្ត្រីហ៊ុន​ សែន​ ចំនួន២រូប លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ បានជួយឧបត្ថម្ភគ្រែពេទ្យចំនួន ១០០គ្រែ និង​លោក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដា្ឋនស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងលោកជំទាវ បានជួយឧបត្ថម្ភគ្រែពេទ្យចំនួន ១៥០គ្រែ​ សម្រាប់​​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ដែល​នឹង​ចាប់ផ្ដើម​បេីក​ដំណើរការ​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ នៅ​ដើម​ខែ​ ឧសភា​ ឆ្នាំ​២០២១​នេះ។

សូមរំលឹកថា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​២០កុម្ភៈ​ បានរីក​រាលដាលដល់​​ខេត្តត្បូងឃ្មុំ​ និង​ខេត្តកំពង់ចាម​ សម្តេច​ ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នៃសណ្ឋាគារ​មេគង្គ​ ដែល​មានចំនួន​៧១បន្ទប់​ សម្រាប់​ធ្វើ​​ជា​មន្ទីរពេទ្យ​ព្យាបាល​ អ្នក​វិជ្ជមានវីរុស​​កូវីដ​-១៩​។

ដោយឡែក​កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​ ក្នុង​ដំណើរ​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការ​កែ លម្អមន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​​ ​ត្រូវ​ពន្លឿន​ការងារ​នេះ​ ​ឲ្យ​បាន​ឆាប់​រួចរាល់​​​ ទាំង​មាន​គុណភាព​ និង​សោភណភាព​​។ ដោយត្រូវរៀបចំ​បន្ទប់​សម្រាប់​បុគ្គលិក​សុខាភិបាល​ និង​បន្ទប់​ គ្រែ​សម្រាប់​​អ្នក​ជំងឺ​ ដោយមានការ​រៀបចំ​បំពាក់​​សម្ភារ​​បរិក្ខារ​ និង​បណ្តាញ​ទឹក​ ភ្លើង​ថ្មី ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លានៅ​ខាង​ក្រៅ​​​ ឲ្យ​បាន​ស្អាត​​ល្អ​ ដេីម្បី​ប្រែ​ក្លាយ​អតីត​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ជំនឿ​និង​ការជឿ​​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​៕SRP