ខេត្តកំពង់ចាម ៖គម្រោងជួសជុលកែលម្អ មន្ទីរពេទ្យមេគង្គកំពង់ចាម សម្រេចបាន ១០០% ហើយ ពោលគឺ រង់ចាំការបើកឲ្យដំណើរការប៉ុណ្ណោះ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅតែបន្តការជម្រុញឲ្យពន្លឿនការ ការងារដែលនៅសេសសល់ ខណៈដែល រកឃើញអ្នកវិជ្ជមានកូវីដ-១៩ កើនឡើងជារៀងរាល់ថ្ងៃ។ លោកយ៉ាងដូច្នេះ នៅក្នុងឱកាសដែល ចុះពិនិត្យវឌ្ឍនភាព នៃដំណើរការជួសជុលមន្ទីរពេទ្យ មេគង្គកំពង់ចាម សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ ១៩ ក្នុងក្របខណ្ឌខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែឧសភា ម្សិលមិញ។
សូមរំលឹកថា ខណៈដែលចំនួនអ្នកវិជ្ជមានកូវីដ-១៩ បន្តកើនឡើងជាលំដាប់ ដោយរាប់ចាប់តាំង ពីថ្ងៃ ២០-កុម្ភៈ នៃព្រឹត្តិការណ៍សហគមន៍ មកនោះ ការឆ្លងរីករាលដាល នៃជម្ងឺដ៏កាចសាហាវនេះ នៅមិនទាន់ថមថយនៅឡើយ។ យ៉ាងណាម៉ិញ សម្តេច ហ៊ុន សែន បានណែនាំដល់រដ្ឋបាលខេត្តកំពង់ចាម រៀបចំកែលម្អមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត ដែលអតីតសណ្ឋាគារមេគង្គ ប្រែក្លាយទៅជាមន្ទីរពេទ្យ សម្រាប់ទទួលព្យាបាលអ្នកជម្ងឺកូវីដ ១៩ ដែលមានគ្រែប្រមាណជា ៣៨០គ្រែ។
បើតាមការអះអាង ពីអ្នកទទួលការគម្រោង បានគូសបញ្ជាក់ថា មកដល់ពេលនេះ ការងារជួសជុល មន្ទីពេទ្យ ខាងលើនេះ សម្រចការងារបាន ១០០% ហើយ ពោលគឺ នៅសេសេសល់ តែការងារសម្អាតតិចតួច ប៉ុណ្ណោះ ។ ដោយឡែក ក្រៅពីការជួសជុលគម្រោងនេះ ជំនាញក៏បានបំពាក់នូវសម្ភារៈផ្សេងៗ ដូចជា គ្រែសម្រាប់អ្នកជម្ងឺ ជាដើម បានស្ទើររួចរាល់ទាំងស្រុង ផងដែរ៕SRP

