ខេត្តសៀមរាប៖លោកទៀ សីហា អភិបាលខេត្តសៀមរាប បានទទួលអំណោយម៉ាសចំនួន ២ម៉ឺនម៉ាស់ អាល់កុល ៣០០លីត្រ , មី១០កេសធំ ទឹកសុទ្ធ ១០០កេស រួមនឹងថវិកាមួយចំនួន របស់លោកឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ រួមទាំងក្រុមការងាររដ្ឋាភិបាលចុះជួយឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ការទទួលអំណោយនៅថ្ងៃទី ១២ ខែមេសា នេះនៅរដ្ឋបាលខេត្តសៀមរាប។
លោក ទៀ សីហា បានថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់ ប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប ដែលបានផ្តល់ជូននូវសម្ភារ បម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជំងឺកូវីដ-១៩ ដល់រដ្ឋបាលខេត្តសៀមរាប។
លោកក៏បានជម្រាបជូន ដល់សប្បុរសជន និង តំណាងក្រុមហ៊ុនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារឧបករណ៍ ប្រើប្រាស់ ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពី ក្រៅប្រទេស និង រាជធានី ខេត្ត ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ឃុំ។
លោកក៏បានសំណូមពរ ដល់ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តា ក្រុង ស្រុក ទៀតផងដែរ។
ជាមួយគ្នានេះដែរលោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ៕SRP

