ខេត្តត្បូងឃ្មុំ៖លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ នៅថ្ងៃទី១២ ខែមេសា ព្រឹកមិញ បានអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះសាលាខេត្ត ព្រមទាំងចែកជូននូវថវិកា និង សម្ភារមួយចំនួន ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំបំពេញភារកិច្ចនាពេលកន្លងមក និងបន្តឲ្យកាន់តែល្អបន្ថែមទៀត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ គ.ស ២០២១។
លោកជាម ច័ន្ទសោភ័ណ បានថ្លែងកោតសរសើរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសាលាខេត្ត ដែលមានសាមគ្គីភាពផ្ទៃក្នុងបានល្អ ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយឆន្ទៈមនសិការខ្ពស់ និងបន្តអភិវឌ្ឍន៍ចំណេះដឹងពង្រឹងសមត្ថភាព បន្តនាំយកនូវភាពជោគជ័យ ក្នុងភារកិច្ចការងារជូនរដ្ឋបាលខេត្តឲ្យមានប្រសិទ្ធភាពខ្ពស់ ឈរលើគោលការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាគឺ <<សន្តិភាព អភិវឌ្ឍន៍ រីកចម្រើន បម្រើសេវាសាធារណៈជូនពលរដ្ឋ លឿន រហ័ស មានតម្លាភាព>>។
ក្នុងគ្រានៃការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ នេះលោក ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវការពារការឆ្លង នៃមេរោគនេះ ដោយបន្តពាក់ម៉ាស់រក្សាអនាម័យជាប់ជានិច្ច លាងដៃជាមួយអាកុល ឬសាប៊ូ ពោលគឺត្រូវចង់ចាំថា «ការពារប្រសើរជាងព្យាបាល» ពិសេសត្រូវអនុវត្ត( ៣កុំ ៣ការពារ)។
ម្យ៉ាងទៀត ត្រូវបន្តអប់រំផ្សព្វផ្សាយដល់ក្រុមគ្រួសារ និងប្រជាពលដ្ឋឲ្យអនុវត្តនូវិធានការអនាម័យ និងវិធានការផ្សេងៗ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសត្រូវទទួលវ៉ាក់សាំងឲ្យបានគ្រប់២ដង ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ពីជម្ងឺនេះ។
គួរបញ្ជាក់ថាលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ តែងតែរៀបចំពិធីជួបសំណះសំណាល ផ្តល់ថវិការ និងប្រេងសាំងលើកទឹកចិត្តជូនមន្ត្រីរាជការ ចំណុះសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ ជារៀងរាល់ឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌ៕SRP

